មន្ទីរ-អង្គភាព៤ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភគ្រួសារអតីតយុទ្ធជន១៤គ្រួសារ មុនឱកាសបុណ្យភ្ជុំបិណ្ឌ

(កំពង់ធំ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ មន្ទីរ និងអង្គភាពចំនួន៤មាន÷(លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ លោក ប៉ាតពណ្ណរាយ ប្រធានស្ដីទីមន្ទីរព័ត៌មាន លោកហា ប៊ុនឡង ប្រធានស្ដីទីមន្ទីរកិច្ចការនារី និងលោក នួន បូរ៉ាវ័ន្ត អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ) បានរួមគ្នាចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ទៅឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជនចំនួន១៤គ្រួសារ នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន «មរតកតេជោធិបតី ថ្លុកព្រីង» ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីចូលរួមចែករំលែកក្តីស្រឡាញ់ និងភាពកក់ក្តៅក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរ។

ការចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ និងអង្គភាពពាក់ព័ន្ធទាំង៤ ព្រមទាំងសហការី។ ក្នុងឱកាសនេះ ក្រុមការងារបានសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយជូនគ្រួសារអតីតយុទ្ធជនទាំង១៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត១ និងថវិកាមួយចំនួន។

សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការចងចាំចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានលះបង់កម្លាំងកាយចិត្ត និងបំពេញភារកិច្ចក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិនាពេលកន្លងមក។ ជាមួយគ្នានេះ ក៏ជាការចូលរួមលើកកម្ពស់ស្មារតីចែករំលែក និងសាមគ្គីភាពក្នុងសហគមន៍ ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិដ៏សំខាន់របស់ប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ ក្រុមការងារបានផ្តាំផ្ញើដល់គ្រួសារអតីតយុទ្ធជន ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព រស់នៅប្រកបដោយអនាម័យ ថែរក្សាបរិស្ថានជុំវិញលំនៅឋានឱ្យបានស្អាត ព្រមទាំងបន្តបង្កបង្កើនផល ដាំដំណាំបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វតាមលទ្ធភាព ដើម្បីជួយកាត់បន្ថយការចំណាយ និងបង្កើនចំណូលសម្រាប់គ្រួសារ។

ជាការឆ្លើយតប តំណាងគ្រួសារអតីតយុទ្ធជនបានថ្លែងអំណរគុណចំពោះមន្ទីរ និងអង្គភាពទាំង៤ ដែលបានយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងនាំយកអំណោយមកឧបត្ថម្ភដល់គ្រួសារ។ ក្រុមគ្រួសារបានចាត់ទុកសកម្មភាពនេះថា ជាការចែករំលែកក្តីស្រឡាញ់ និងការលើកទឹកចិត្តដ៏មានអត្ថន័យក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ដោយឡែក លោកមេភូមិ នាយទាហាន និងកម្លាំងប្រជាការពារ ក៏ទទួលបានថវិកាមួយចំនួនពីក្រុមការងារផងដែរ។ អត្ថបទលោក ធូ កែវមុន្នី