
ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកជំទាវ សុខា គងពិសី គីម រិទ្ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី08ខែតុលា ឆ្នាំ២០២៦នេះ លោកស្រី ប៉ាង រ៉ាវី ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដឹកនាំក្រុមការងារដែលជាថ្នាក់ដឹកនាំ និងសមាជិកាសមាគម នាំយកនូវអំណោយជានំអន្សម និងទឹកបរិសុទ្ធអរុណាទៅចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នាច្រកអានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត។
នំអន្សមទាំងនេះ កើតចេញពីកម្លាំងមហាសាមគ្គីភាពយ៉ាងមុតមាំ ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់របស់ លោកជំទាវ ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្ត្រីខេត្ត ដែលបានរួបរួមកម្លាំងគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការវេច និងចម្អិនដោយផ្ទាល់ដៃ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដើម្បីស្តែងឲ្យឃើញពីការយកចិត្តទុកដាក់ ការដឹងគុណ និងការលើកទឹកចិត្តយ៉ាងធំធេង ចំពោះការលះបង់ដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ព នៅសមរភូមិមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីយ៉ាងរឹងមាំជូនជាតិមាតុភូមិ។

ក្នុងបរិយាកាសជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល និងក្តីរំភើប លោកស្រី ប៉ាង រ៉ាវី បានពាំនាំការសួរសុខទុក្ខ និងពរជ័យសព្វសាធុការពីថ្នាក់ដឹកនាំជូនដល់វីរកងទ័ពទាំងអស់។ លោកស្រីបានថ្លែងដោយមោទនភាពថា ការលះបង់កម្លាំងកាយចិត្តរបស់បងប្អូនកងទ័ព ដែលបានជម្នះគ្រប់ឧបសគ្គឈរជើងការពារព្រំដែនយ៉ាងរឹងមាំ គឺជាគុណូបការៈដ៏ធំធេងដែលសមរភូមិក្រោយមិនអាចបំភ្លេចបាន។ ថ្វីត្បិតតែនំអន្សមនេះជាអំណោយបន្តិចបន្តួច ប៉ុន្តែជាតំណាងឱ្យបេះដូង និងការដឹងគុណយ៉ាងជ្រាលជ្រៅ ដើម្បីបង្កើនកម្លាំងចិត្តដល់វីរកងទ័ពក្នុងការបន្តបេសកកម្មដ៏ឧត្ដុង្គឧត្ដម។
ជាទីបញ្ចប់ លោកស្រី ក៏បានជូនពរដល់វីរកងទ័ពទាំងអស់ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិ ឱ្យមានសុខភាពល្អ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ហើយសូមឱ្យស្មារតីសាមគ្គីភាពរវាងសមរភូមិមុខ និងសមរភូមិក្រោយកាន់តែរឹងមាំជានិរន្តរ៍។សួនពិសិត



































