
ខេត្តព្រះវិហារ៖ នាថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី ឆស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១៣ ឯកឧលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ និងសហការី បាននាំយកនូវចង្ហាន់ ទេយ្យវត្ថុ បច្ច័យ និងគ្រឿងឧបភោគបរិភោគជាច្រើន ប្រកបដោយសទ្ធាជ្រះថ្លាយ៉ាងជ្រាលជ្រៅ ទៅវេរប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តកែវសិក្ខាគិរីស្វារៈ។
ពិធីបុណ្យទានដ៏ថ្លៃថ្លានេះ ប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលលើកតម្កើងព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចទ្រទ្រង់ ថែរក្សា និងពង្រឹងគ្រឹះវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិឱ្យបានស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍។

ក្នុងនាមជាពុទ្ធសាសនិក និងជាថ្នាក់ដឹកនាំ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងឧទ្ទិសមហាកុសល ជូនចំពោះដួងវិញ្ញាណក្ខន្ធ វីរកងទ័ពកម្ពុជាគ្រប់ជំនាន់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងពលីជីវិតយ៉ាងអង់អាចក្លាហានបំផុត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងសុខសន្តិភាពជូនមាតុភូមិ។ ជាមួយគ្នានេះ ក៏ជាការសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ និងឧទ្ទិសផលបុណ្យកុសលជូនចំពោះបុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់បរលោក សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ សួន ពិសិត






































