ដំរីព្រៃជាន់មនុស្សស្លាប់ ១នាក់ និងរបួស ២នាក់ ព្រមទាំងបំផ្លាញដំណាំប្រជាពលរដ្ឋនៅស្រុកគូលែន ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ក្រុមការងារអន្តរស្ថាប័នថ្នាក់ស្រុក រួមជាមួយកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យ និងស្រាវជ្រាវបន្ទាប់ពីមានហេតុការណ៍សត្វដំរីព្រៃចូលមកបំផ្លិចបំផ្លាញដំណាំ និងវាយប្រហារលើប្រជាពលរដ្ឋ បណ្តាលឱ្យមានគ្រោះថ្នាក់អាយុជីវិត និងរបួសធ្ងន់-ស្រាល ស្ថិតក្នុងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ។
យោងតាមរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ លោក លុក គឹមលាន អភិបាលរងស្រុកគូលែន បានដឹកនាំក្រុមការងារស្រុកចំនួន ០២នាក់, កម្លាំងអធិការដ្ឋាននគរបាលស្រុកចំនួន ០២នាក់ និងកម្លាំងមន្ត្រីបរិស្ថានតាកឹងចំនួន ០៤នាក់ ចុះផ្ទាល់ទៅកាន់ទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវ និងរកដំណោះស្រាយបន្ទាន់។
ការចុះស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីមានករណីសត្វដំរីព្រៃបានចូលមកបំផ្លិចបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋ និងបានវាយប្រហារលើមនុស្សសរុបចំនួន ០៣នាក់ (ស្រី ១នាក់) ដោយក្នុងនោះ៖
ស្លាប់ចំនួន ០១នាក់
រងរបួសធ្ងន់ចំនួន ០១នាក់
រងរបួសស្រាលចំនួន ០១នាក់

ទីតាំងកើតហេតុ៖ ស្ថិតនៅចំណុចជញ្ជាំង ក្នុងភូមិសាស្ត្រភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។
ជាលទ្ធផលនៃការចុះប្រតិបត្តិការនោះ ក្រុមការងារបានចុះពិនិត្យដោយផ្ទាល់ និងបានប្រើប្រាស់ដ្រូន (Drone) ដើម្បីបង្ហោះត្រួតពិនិត្យ និងស្វែងរកទីតាំងដែលហ្វូងសត្វដំរីកំពុងស្រោចស្រព ឬលាក់ខ្លួន។ ប៉ុន្តែ ជាលទ្ធផល ក្រុមការងារពុំបានឃើញហ្វូងសត្វដំរីឡើយ គឺឃើញត្រឹមតែស្នាមជើង និងដើមឈើ ឬគុម្ពព្រៃបាក់បែកដែលសត្វដំរីបានបន្សល់ទុក ដោយក្រុមការងារបានកំណត់ទីតាំងសំខាន់ៗចំនួនពីរគឺ៖
ចំណុចក្តុលកោង៖ ស្ថិតក្នុងភូមិសាស្ត្រភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន។
ចំណុចស្រោង៖ ស្ថិតក្នុងភូមិសាស្ត្រភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត។
ពាក់ព័ន្ធនឹងហេតុការណ៍ដ៏រន្ធត់នេះ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបរិស្ថាន បានធ្វើការក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមតំបន់ប្រឈម សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត នៅពេលចុះទៅស្រែចម្ការ ឬចូលព្រៃ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុពីសត្វព្រៃ៕ដោយ សួន ពិសិតដោយសួន ពិសិត