ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច

(បាគូ, អាស៊ែបៃហ្សង់)៖ ជំនួបរយៈពេលខ្លីតែមេដឹកនាំកម្ពុជា និងកៀហ្ស៊ីស៊ីស្ថាន បានជជែកលើបញ្ហាជាច្រើន ជាពិសេសការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា ដើម្បីជំរុញដល់ការធ្វើធុរកិច្ច និងវិនិយោគ។

នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន។ ជំនួបធ្វើឡើងនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ទីដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧។

ក្នុងនេះ លោកប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន បានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាការងារ​ជាមួយ​សម្តេច​មហាបវរធិបតី។ លោកប្រធានាធិបតីបានបន្តថា ជំនួបនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរក្នុង​ការស្វែងរក​កា​លានុវត្តភាពថ្មីៗ និងជាក់ស្តែង សំដៅបន្តពង្រឹង និងពង្រីកទំនាក់នាក់ទំនង និងកិច្ចសហប្រតិ​បត្តិការ​ទ្វេភាគី​ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយ​លោកប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក។

ថ្នាក់ដឹកនាំទាំងពីរបានបន្តពិភ្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងការវិនិយោគ, ការតភ្ជាប់រវាងវិស័យឯកជន​នៃ​ប្រទេស​ទាំងពីរ, អប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសក្នុងជំនាញបញ្ញាសិប្បនិម្មិត និង បច្ចេកវិទ្យា, ទេសចរណ៍, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន, ព្រមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ រួមទាំងដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងដំណើរទស្សនកិច្ចផ្លូវការ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តឱ្យទៅជាកិច្ចសហប្រតិបត្តិការជាក់ស្ដែង​ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ៕