
(ខេត្តកំពង់ធំ ) ៖ លោក ផាង វី ចាត់ក្រុមការងារចុះសួរសុខទុក្ខស្ត្រីសម្រាលកូន ចូលរួមរំលែកទុក្ខគ្រួសារសព ធ្វើបច្ចុប្បន្នភាពសមាជិកបក្ស និងដំឡើងអំពូលសូឡាបំភ្លឺផ្លូវសាធារណៈ ក្នុង ភូមិសាស្ដ្រ ឃុំទ្រា ។
លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា បានចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារស្ត្រីសម្រាលកូនខ្ចី ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព ព្រម ទាំង ធ្វើបច្ចុប្បន្នភាពសមាជិកបក្ស និង បំពាក់អំពូលភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំទ្រាំ ស្រុក ស្ទោង ខេត្ត កំពង់ធំ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦
ក្នុងបេសកកម្មមនុស្សធម៌នេះ ក្រុមការងារបាននាំយកថវិកា និងសម្ភារប្រើប្រាស់ចាំបាច់សម្រាប់ទារក ចែកជូនដោយផ្ទាល់ដៃដល់គ្រួសារស្ត្រីសម្រាលកូនខ្ចីចំនួន ១គ្រួសារ រស់នៅក្នុងភូមិកោះ ឃុំទ្រា ស្រុកស្ទោង ដើម្បីរួមចំណែកជួយសម្រាលបន្ទុកជីវភាព ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់មាតា និងទារកក្នុងមូលដ្ឋាន។

ជាមួយគ្នានោះដែរ ក្រុមការងារចុះមូលដ្ឋាន រួមសហការជាមួយអាជ្ញាធរ និងគណៈគ្រប់គ្រងឃុំ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ ទឹកត្រី និងទឹកស៊ីអ៊ីវ ទៅប្រគល់ជូនដោយផ្ទាល់ដល់គ្រួសារសពចំនួន ២គ្រួសារ៖ ទី១. គ្រួសារសពលោក លូង ប៉ន អាយុ ៥០ឆ្នាំ រស់នៅក្នុងភូមិទំពេជ។ ទី ២. គ្រួសារសពលោក ចិ ឃីម អាយុ ៦៣ឆ្នាំ រស់នៅក្នុងភូមិផ្ទះវាល។
នាឱកាសនោះដែរ ក្រុមការងារបានចុះសំណេះសំណាលសួរសុខទុក្ខ និងធ្វើបច្ចុប្បន្នភាពសមាជិកបក្សតាមខ្នងផ្ទះផ្ទាល់ ដើម្បីក្តាប់ឱ្យបានច្បាស់អំពីស្ថានភាពជីវភាព សុខទុក្ខ និងតម្រូវការជាក់ស្តែងរបស់សមាជិក សមាជិកាគណបក្សយ៉ាងជិតស្និទ្ធបំផុត។

ដើម្បីលើកកម្ពស់សុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ ក្រុមការងារបាននាំយក និងរៀបចំដំឡើងអំពូលភ្លើងដើរដោយថាមពលព្រះអាទិត្យ (សូឡា) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ដើម្បីបំភ្លឺតាមដងផ្លូវសាធារណៈសំខាន់ៗក្នុងភូមិពពាយ សម្រួលដល់ការធ្វើចរាចរណ៍ និងបង្កើនសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនាពេលរាត្រីផងដែរ៕






































