ឯកឧត្តម អ៊ុន បុត្ត ជំរុញឱ្យភាគីពាក់ព័ន្ធ បង្កើនកិច្ចសហការ ចំពោះវិធានការ ការពារសន្តិសុខ សុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

កំពង់ធំ ÷ នៅព្រឹកថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុន បុត្ត​ អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីនៅក្នុងកម្មវិធី “កិច្ចសហការនិងវិធានការ ការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៦ ” ដែលរៀបចំឡើងនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ។

កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី អភិបាលរងក្រុងស្រុក តំណាងមន្ទីរ កងកម្លាំងទាំងបី មន្ត្រី បុគ្គលិកល.ខ.ប ខេត្ត តំណាងគណបក្សនយោបាយ សមាគម និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។
‎         
បន្ទាប់ពីបានស្តាប់របាយការណ៍របស់គ្រូបង្គោល គ.ច.ប ស្តីពីវឌ្ឍនភាពនៃការអនុវត្តការងារ និងបញ្ហាប្រឈមនានាដែលកំពុងកើតមាននៅតាមបណ្តាក្រុង /ស្រុករួចមក លោក ជា ពុំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានលើកឡើងថា មេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ និងផ្តល់កិច្ចសហការឱ្យបានល្អប្រសើរជាមួយក្រុមការងារចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋាននីមួយៗ។

លោកបានបញ្ជាក់ថា ការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន គឺជាកត្តាសំខាន់ក្នុងការសម្របសម្រួលការងារ ដោះស្រាយបញ្ហាប្រឈម និងធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព គុណភាព និងស្របតាមនីតិវិធីជាធរមាន។
‎         
ជាមួយគ្នានេះផងដែរឯកឧត្តម អ៊ុន បុត្ត បានថ្លែងថា ផ្អែកតាមរបាយការណ៍សង្ខេបរបស់ លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ធំ ការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាព លើបញ្ជីបោះឆ្នោតឆ្នាំ ២០២៦ និងចាប់ផ្ដើមចាប់ពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៦ រហូតដល់ថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ២០២៧ ។  រីឯការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ទូទាំងប្រទេសមានរយៈពេល ៥៥ថ្ងៃ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៦។

ក្នុងន័យនេះ ឯកឧត្តមបានស្នើសុំឲ្យ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមផ្ដល់នូវកិច្ចសហការ ឲ្យបានល្អទៅវិញទៅមក ដោយមានការយោគយល់គ្នា ប្រកបដោយភាតរភាព ក្នុងនាមជាខ្មែរតែមួយ។ ដើម្បីឲ្យដំណើរការនៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅបានដោយត្រឹមត្រូវនិងស្មើភាព មិនមាន ការរើសអើង ការបំភិតបំភ័យ ការគំម្រាមកំហែង និងអំពើហិង្សាកើតឡើងណាមួយនោះឡើយ​។ ជាមួយគ្នានេះ អាជ្ញាធរ និងរដ្ឋបាលសាធារណៈ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍អព្យាក្រឹតភាព មិនលម្អៀង និងបំពេញតួនាទីរបស់ខ្លួនដោយស្មោះត្រង់ និងមានវិជ្ជាជីវៈ ក្នុងការដោះស្រាយកិច្ចការរដ្ឋបាល និងផ្តល់សេវាជូនគ្រប់គណបក្សនយោបាយដោយស្មើភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជំរុញឱ្យគណៈអភិបាលក្រុង ស្រុកទាំងអស់ បន្តយកចិត្តទុកដាក់ជំរុញ និងណែនាំអាជ្ញាធរមូលដ្ឋាន ជាពិសេសមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារចុះឈ្មោះបោះឆ្នោត ដោយប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវខ្ពស់ និងការអនុវត្តតួនាទីភារកិច្ចឱ្យបានត្រឹមត្រូវតាមច្បាប់ និងនីតិវិធី។

ជាចុងក្រោយ ឯកឧត្តមបានស្នើដល់គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ដែលកំពុងធ្វើសកម្មភាពក្នុងខេត្តកំពង់ធំ ឱ្យគោរពច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ពាក់ព័ន្ធ ព្រមទាំងរក្សាអាកប្បកិរិយាថ្លៃថ្នូរ និងការទទួលខុសត្រូវក្នុងការបំពេញសកម្មភាពរបស់ខ្លួន។ ជាពិសេស មិនត្រូវញុះញង់អ្នកគាំទ្រឱ្យប្រព្រឹត្តអំពើហិង្សា ឬបង្កការគំរាមកំហែងទៅលើប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សនយោបាយដទៃឡើយ។
អត្ថបទលោក លន សុភា ពិនិត្យដោយសេក សាវេត