
(ភ្នំពេញ)៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយលើកទី១ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួមពីអនុប្រធានគណៈកម្មាធិការគណបក្សក្រសួង គ្រូឧទ្ទេស គណៈអចិន្ត្រៃយ៍ សមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ និងសិក្ខាកាមសរុបប្រមាណ១០៥រូប។
វគ្គអប់រំនយោបាយនេះបានផ្តោតលើប្រធានបទសំខាន់ៗ រួមមាន លក្ខន្តិកៈគណបក្ស ប្រវត្តិ សកម្មភាព ស្នាដៃ និងបទពិសោធរបស់គណបក្ស កម្មវិធីនយោបាយរបស់គណបក្ស ព្រមទាំងការកសាងអត្តចរិត និងសីលធម៌របស់សមាជិកគណបក្ស។

ក្នុងឱកាសនោះ លោក ហួត ហាក់ បានថ្លែងអំណរគុណដល់គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាលគណបក្ស គ្រូឧទ្ទេស និងក្រុមការងាររៀបចំវគ្គ ដែលបានចូលរួមគាំទ្រ និងចែករំលែកចំណេះដឹង បទពិសោធដល់សិក្ខាកាម។ លោកក៏បានអបអរសាទរដល់សិក្ខាកាមទាំង៨០រូប ដែលបានបញ្ចប់វគ្គអប់រំនយោបាយនេះដោយជោគជ័យ។
លោកបានគូសបញ្ជាក់ថា ចំណេះដឹងដែលទទួលបានពីវគ្គអប់រំនយោបាយនេះ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់សិក្ខាកាមយកទៅឆ្លុះបញ្ចាំងលើការបំពេញភារកិច្ចជាក់ស្តែង ដោយស្វែងយល់ពីចំណុចខ្លាំងដែលត្រូវពង្រឹង និងចំណុចខ្វះខាតដែលត្រូវកែលម្អ ដើម្បីអភិវឌ្ឍសមត្ថភាព និងក្លាយជាមន្ត្រីគណបក្ស ព្រមទាំងយុវជនបន្តវេនដែលមានចំណេះដឹង សីលធម៌ និងស្មារតីទទួលខុសត្រូវ។
ជាមួយគ្នានេះ លោក ហួត ហាក់ បានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ ឱ្យបន្តគោរព និងអនុវត្តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីណែនាំរបស់គណបក្ស ព្រមទាំងថែរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់បំពេញភារកិច្ចតាមស្ថាប័ន អង្គភាព និងមូលដ្ឋានរៀងៗខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕

































