(សេអ៊ូល)៖ កូរ៉េខាងជើងបានផ្ញើលិខិតមួយច្បាប់ទៅកាន់អង្គការសហប្រជាជាតិ ដោយចោទប្រកាន់កូរ៉េខាងត្បូងថាបានប្រឌិតឡើងនូវហេតុការណ៍ផ្ទុះគ្រាប់មីនកាលពីខែកញ្ញាកន្លងទៅ និងបានបង្កការគំរាមកំហែងដល់ទាហានកូរ៉េខាងជើងដែលកំពុងធ្វើការងារពង្រឹងការការពារព្រំដែន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ បានរាយការណ៍ថាតំណាងកូរ៉េខាងជើងប្រចាំ UN កាលពីថ្ងៃអាទិត្យ បាននិយាយនៅក្នុងលិខិតមួយថាទីក្រុងសេអ៊ូលបាន និងកំពុងប្រើប្រាស់ហេតុការណ៍ផ្ទុះគ្រាប់មីនដើម្បីលាបពណ៌ថាការស្ថាបនាតំបន់ព្រំដែនរបស់កូរ៉េខាងជើងគឺជាការទន្ទ្រាញយោធា និងបានព្រមានថាការបំពានលើអធិបតេយ្យរបស់ខ្លួនអាចនឹងជំរុញឱ្យមានស្វ័យការពារខ្លួន។
នៅក្នុងលិខិតដដែល កូរ៉េខាងជើងក៏បានចោទប្រកាន់ផងដែរថាកូរ៉េខាងត្បូងបាញ់ប្រហារលើទាហានកូរ៉េខាងជើង ដោយចាត់ទុកថានេះជាទង្វើបំពានលើធម្មនុញ្ញ UN ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើកម្លាំងបាយប្រឆាំងបូរណភាពទឹកដីនៃរដ្ឋផ្សេងទៀត។ ប៉ុន្តែខាងកូរ៉េខាងត្បូងបានអះអាងថាទាហានរបស់ខ្លួនបានធ្វើការព្រមានជាមុនតាមរយៈឧឃោនស័ព្ទ និងគ្រាន់តែធ្វើការបាញ់ព្រមាននៅពេលទាហានកូរ៉េខាងជើងឆ្លងព្រំដែនចូលទឹកដីកូរ៉េខាងត្បូង ដើម្បីបង្ខំឱ្យពួកគេដកថយទៅវិញតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកញ្ញាកន្លងទៅ កូរ៉េខាងត្បូងបានរាយការណ៍ទាហានកូរ៉េខាងត្បូង ២នាក់បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់មីន នៅឯតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំង២។ តាមយោធាកូរ៉េខាងត្បូង គ្រាប់មីនដែលបានផ្ទុះនោះជាគ្រាប់មីនរបស់កូរ៉េខាងជើង ហើយបានទទូចឱ្យព្យុងយ៉ាងសូមទោស។
ចាប់តាំងពីពេលនោះមក ភាពតានតឹងរវាងកូរ៉េទាំង២បានឡើងកម្ដៅ ជាមួយការបោះពាក្យគំរាមចាត់វិធានការឆ្លើយតបដាក់គ្នាទៅវិញទៅមក។ រហូតដល់ថ្ងៃសុក្រសប្ដាហ៍មុន ខាងក្រសួងការពារជាតិកូរ៉េខាងត្បូងបានស្នើជាថ្មីម្ដងទៀតឱ្យមានកិច្ចពិភាក្សាយោធាជាមួយកូរ៉េខាងជើងដើម្បីបន្ធូរបន្ថយភាពតានតឹង៕




























