
កោះកុង៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថាប័នអប់រំគ្រប់កម្រិត រួមមានសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នៅក្នុងឃុំថ្មស បានរួមគ្នាប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ យ៉ាងគគ្រឹកគគ្រេង នៅឯបរិវេណសាលាបឋមសិក្សា សម្តេចពិជ័យសេនា ទៀ បាញ់ ថ្មស។ ពិធីដ៏មានអត្ថន័យនេះ ទទួលបានការចូលរួមយ៉ាងកុះករពីសំណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតា ឬអាណាព្យាបាលសិស្សជាច្រើនរូប។
ព្រឹត្តិការណ៍បើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ខេង គង់ អភិបាលរងនៃគណៈអភិបាលស្រុកបទុមសាគរ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ក្រូចបូរី សីហា អភិបាលស្រុកបទុមសាគរ។
លោកបានលើកឡើងថា៖ សមិទ្ធផល និងលទ្ធផលសិក្សារបស់សិស្សានុសិស្សកន្លងមកឆ្លងតាមរបាយការណ៍បូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដែលបានបង្ហាញដោយ លោក កែវ កុសល នាយកវិទ្យាល័យថ្មស បានសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់គណៈនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលសម្រេចបាននូវសមិទ្ធផលគួរឱ្យមោទនភាពជាច្រើន
កំណើនគុណភាព និងលទ្ធផលប្រឡង៖អត្រាជោគជ័យរបស់សិស្សានុសិស្សក្នុងឆ្នាំសិក្សាកន្លងទៅមានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់បង្រៀន និងការសិក្សារៀនសូត្រប្រកបដោយវិន័យ និងការទទួលខុសត្រូវខ្ពស់។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសាលារៀន៖ ថ្នាក់ដឹកនាំឃុំ អាជ្ញាធស្រុក អាណាព្យាបាលសិស្ស និងសហគមន៍ បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការកែលម្អសោភ័ណភាព និងបរិស្ថានអប់រំនៅតាមគ្រឹះស្ថាននីមួយៗ ដើម្បីធានាបាននូវបរិយាកាសសិក្សាដ៏កក់ក្តៅ និងមានសុវត្ថិភាពសម្រាប់កុមារ និងយុវជន។
ថ្លែងនៅក្នុងឱកាសដ៏នក្ខត្តឫក្សនោះដែរ លោក ខេង គង់ អភិបាលរងនៃគណៈអភិបាល និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ក្រូច បុរីសីហា អភិបាលស្រុក បានឡើងអានសារលិខិត និងសន្ទរកថាបើកបវេសនកាលទូទាំងប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា។
លោកអភិបាលរងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំថាជាគ្រឹះស្ថានស្នូលក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង សីលធម៌ និងសមត្ថភាព ដើម្បីចូលរួមចំណែកកសាងសង្គមជាតិ។ ទន្ទឹមនឹងនេះ លោកបានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ គោរពវិន័យសាលារៀន និងស្តាប់បង្គាប់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ក៏ដូចជាស្នើឱ្យលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលបន្តពង្រឹងកិច្ចសហការគ្នាជិតស្និទ្ធបន្ថែមទៀត ដើម្បីជំរុញគុណភាពបង្រៀននិងរៀនឱ្យកាន់តែរីកចម្រើនទ្វេឡើង។
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅឃុំថ្មស ស្រុកបទុមសាគរ ត្រូវបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងការប្តេជ្ញាចិត្តខ្ពស់ពីភាគីពាក់ព័ន្ធទាំងអស់ក្នុងការលើកកម្ពស់វិស័យអប់រំក្នុងមូលដ្ឋានឱ្យឈានដល់កម្រិតថ្មីមួយទៀត៕










































