
(ខេត្តកំពង់ធំ)៖ នៅវិទ្យាល័យស្ទឹងសែន ស្ថិតនៅភូមិពុកយ៉ុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ផ្តាំផ្ញើ និងជំរុញដល់សិស្សានុសិស្សទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សារៀនសូត្រ ដើម្បីកសាងចំណេះដឹង សមត្ថភាព និងអនាគតរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧។
នៅក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានអានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ ថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦។
នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សឯកឧត្តម ហាន កុសល បានណែនាំដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានទៀងទាត់ ជាពិសេសក្នុងឆ្នាំសិក្សាថ្មី២០២៦-២០២៧នេះ ត្រូវស្តាប់ការណែនាំ និងដំបូន្មានរបស់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀន និងផ្តល់ចំណេះដឹងដល់ក្មួយៗ។ នៅពេលទំនេរ សិស្សានុសិស្សត្រូវឆ្លៀតពេលធ្វើកិច្ចការផ្ទះ និងកិច្ចការសាលារៀនឱ្យបានគ្រប់គ្រាន់ ព្រមទាំងបន្តសិក្សាស្វែងយល់ និងស្វ័យសិក្សាបន្ថែម ទាំងនៅក្នុងសាលារៀន និងនៅតាមសហគមន៍ ដើម្បីពង្រឹងសមត្ថភាព និងពង្រីកចំណេះដឹងរបស់ខ្លួន។
ជាទីបញ្ចប់ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំការជំរុញ និងការផ្តល់ដំបូន្មានពីថ្នាក់ដឹកនាំ គឺជាការរំលឹកដល់សិស្សានុសិស្សឱ្យបន្តខិតខំរៀនសូត្រ មានវិន័យ គោរពគ្រូបង្រៀន និងចេះប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍។ ចំណែកឯការសហការរវាងសាលារៀន គ្រូបង្រៀន សិស្សានុសិស្ស និងសហគមន៍ ក៏ជាចំណែកសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្សផងដែរ។
ជាមួយគ្នានេះ វិទ្យាល័យស្ទឹងសែនមានស្ថានភាពទូទៅ និងទិន្នន័យអប់រំដូចខាងក្រោម៖ ១. ហេដ្ឋារចនាសម្ព័ន្ធសាលារៀនមានអគារសិក្សាសរុបចំនួន៦ខ្នង ស្មើនឹង៣១បន្ទប់ ក្នុងនោះមាន៩បន្ទប់ត្រូវបានដកចេញពីការប្រើប្រាស់។ ២. បុគ្គលិកអប់រំមានចំនួនសរុប៦៦នាក់ ក្នុងនោះស្ត្រីចំនួន ៣៣នាក់។ ៣. សិស្សានុសិស្សកំពុងសិក្សាមានចំនួនសរុប១.៣០៤នាក់ ក្នុងនោះស្រីចំនួន ៧១៧នាក់ និងមានថ្នាក់រៀនសរុបចំនួន ២៦ថ្នាក់។ ៤. ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបក្នុងឆ្នាំសិក្សា ២០២៥-២០២៦ សិស្សប្រឡងជាប់មានអត្រាចំនួន៩៧ភាគរយ។
៥. វិទ្យាល័យស្ទឹងសែនមានសាលាចំណុះជាអនុវិទ្យាល័យចំនួន១ គឺអនុវិទ្យាល័យបញ្ញាជី និងមានសាលាបឋមសិក្សាចំណុះចំនួន៨សាលា។ ៦. ចំពោះសមិទ្ធផលដែលសាលាសម្រេចបាន គឺទទួលបានពានរង្វាន់សេវាសាធារណៈ និងពានរង្វាន់ជជែកដេញដោលជាប់លេខ១ ពីរដូវកាលជាប់គ្នា។ សមិទ្ធផល និងទិន្នន័យបានបង្ហាញពីសកម្មភាពការងាររបស់វិទ្យាល័យស្ទឹងសែន ក្នុងការបំពេញភារកិច្ចអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងមូលដ្ឋាន។










































