លោក Netanyahu ជំរុញឱ្យលោក ត្រាំ វាយអ៉ីរ៉ង់ភ្លាមៗ ក្រោយចប់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដោយលោក Netanyahu ជំរុញឱ្យសហរដ្ឋអាមេរិកបើកការវាយប្រហារលើអ៉ីរ៉ង់ភ្លាមៗ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Axios ដែលបានដកស្រង់សម្ដីពីក្រុមមន្ត្រីអាមេរិក និងអ៉ីស្រាអែល។ តាម Axios លោក ត្រាំ និងលោក Netanyahu កាលពីថ្ងៃទី៣១ ខែតុលា បានពិភាក្សាគ្នាពីស្ថានភាពកិច្ចចរចាជាមួយអ៉ីរ៉ង់។ ក្នុងកិច្ចពិភាក្សានោះដែរ លោក Netanyahu បានជំរុញឱ្យលោក ត្រាំ បើកការវាយប្រហារលើអ៉ីរ៉ង់ភ្លាមៗក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកា តែលោក ត្រាំចង់ឱ្យទុកឱ្យកិច្ចចរចាដំណើរការទៅសិន។ លោក ត្រាំ និងលោក Netanyahu ក៏បានជជែគ្នាផងដែរពាក់ព័ន្ធថាតើនៅពេលណា និងថាតើបង្កើនប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអ៉ីរ៉ង់យ៉ាងដូចម្ដេច?

កាលពីថ្ងៃទី៣១ ខែតុលា លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថាកិច្ចចរចាជាមួយអ៉ីរ៉ង់ដើម្បីបញ្ចប់សង្រ្គាមកំពុងប្រព្រឹត្តទៅយ៉ាងល្អ ហើយថាសហរដ្ឋអាមេរិកមិនប្រញាប់ប្រញាល់ ក្នុងការបើកការវាយប្រហារលើអ៉ីរ៉ង់នោះទេ ក៏ព្រោះតែវ៉ាស៊ីនតោនបានកម្ទេចយោធា និងកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់រួចទៅហើយ។

គួរបញ្ជាក់ថា កិច្ចពិភាក្សាតាមទូរស័ព្ទរវាងលោក ត្រាំ​ និងលោក Netanyahu ត្រូវបានទម្លាយឱ្យដឹងក្រោយកាលពីថ្ងៃទី៣១ ខែតុលាផងដែរ ប្រមុខសន្តិសុខអ៉ីរ៉ង់ លោក Mohsen Rezaei បាននិយាយថារូបលោកទទូលបានលិខិតមួយពីអនុប្រធានាធិបតីអាមេរិក លោក JD Vance ដើម្បីស្ដារឡើងវិញនូវកិច្ចចរចាដែលកំពុងជាប់គាំង។ ជាសញ្ញាមួយផ្សេងទៀតថា ក្រុមអ្នកចរចាកំពុងព្យាយាមសម្របសម្រួលកិច្ចចរចា ក្រុមអ្នកចរចាមកពីប្រទេសកាតាបានធ្វើដំណើរដល់ទីក្រុងតេហេរ៉ង់កាលពីថ្ងៃទី៣០ ខែតុលា ដើម្បីបើកកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីអ៉ីរ៉ង់៕