លោក ហ្សេលេនស្គី៖ អ៊ុយក្រែននឹងបញ្ឈប់ការវាយប្រហារលើរោងចក្រប្រេងរុស្ស៉ី បើអាមេរិកឱ្យគ្រាប់មីស៊ីល Patriot

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាប្រទេសរបស់លោកនឹងបញ្ឈប់ការវាយប្រហារលើរោងចក្រប្រេងរុស្ស៉ីដែលជាសំណើដ៏សំខាន់មួយរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនផ្ដល់ឱ្យទីក្រុងកៀវនូវគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ដូណាល់ ត្រាំ ដែលកំពុងព្យាយាមដោះស្រាយបញ្ហាអតិផរណាក្នុងស្រុកដែលមួយផ្នែកធំបង្កឡើងដោយការឡើងថ្លៃប្រេងឥន្ធនៈដោយសារសង្រ្គាមរបស់លោកជាមួយអ៉ីរ៉ង់ និងសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានស្នើភាគីសង្រ្គាមទាំង២បញ្ឈប់ការវាយប្រហារលើរោងចក្រប្រេងរបស់គ្នាទៅវិញទៅមក។ ក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហ្សេលេនស្គីបានកត់សម្គាល់ថារូបលោកមានកិច្ចសន្ទនាផ្សេងៗជាច្រើនជាមួយលោក ត្រាំ និងក្រុមមន្ត្រីអាមេរិកអំពីបញ្ហាខាងលើ។

«យើងបានប្រាប់ថាយើងមិនអាចឆ្លើយតបវិញនោះទេ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៉ីលើថាមពលរបស់យើង បន្ទាប់ពីរុស្ស៉ីសម្លាប់ប្រជាជនរបស់យើង វាយប្រហារលើអគ្គិសនី ហ្គាស រោងចក្រប្រេង និងលើអ្វីៗគ្រប់យ៉ាងរបស់យើង»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គី។ មេដឹកនាំអ៊ុយក្រែនបានបន្ថែមថាប្រសិនបើសហរដ្ឋអាមេរិកចង់ឱ្យអ៊ុយក្រែនកុំវាយប្រហារលើរោងចក្រប្រេងរុស្ស៉ី លុះត្រាតែរុស្ស៉ីកុំវាយប្រហារលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែនដែរ។

បើពុំដូច្នោះទេ ទីក្រុងវ៉ាស៊ីនតោនត្រូវផ្ដល់គ្រាប់មីស៊ីល Patriot ឱ្យអ៊ុយក្រែន។ តាមលោក ហ្សេលេនស្គី ប្រសិនបើវ៉ាស៊ីនតោនផ្ដល់គ្រាប់មីស៊ីល Patriot ឱ្យអ៊ុយក្រែនរយៈពេលមួយខែ នោះទីក្រុងកៀវនឹងបញ្ឈប់ការវាយប្រហារលើរោងចក្រប្រេងរុស្ស៉ីរយៈពេលមួយខែដែរ។ លោកក៏បានបញ្ជាក់ដែរថាអ៊ុយក្រែននឹងទិញគ្រាប់មីស៊ីល Patriot ពីសហរដ្ឋអាមេរិកមិនចង់បានតាមរយៈការផ្ដល់ឱ្យជាជំនួយនោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែតុលា រដ្ឋបាលលោក ត្រាំ បានប្រកាសបើកភ្លើងបៃតងលក់គ្រាប់មីស៊ីល Patriot ចំនួន ៥០០គ្រាប់ទៅឱ្យអ៊ុយក្រែន។ ប៉ុន្តែលោក ហ្សេលេនស្គីបានព្រមានថាការប្រគល់គ្រាប់មីស៊ីលទាំងនោះនឹងត្រូវចំណាយពេលច្រើនឆ្នាំ៕