ស្លាប់ ៩នាក់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូច ក្បែរភូមិគ្រឹះរបស់លោក ដូណាល់ ត្រាំ

(វ៉ាស៊ីនតោន)៖ មនុស្ស ៩នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿងនៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ពោលគឺតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីភូមិគ្រឹះ Mar-a-Lago របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ បើតាមការបញ្ជាក់ពីក្រុមមន្ត្រីអាមេរិកដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

វីដេអូត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញពីយន្ដហោះមួយគ្រឿងបានសំយុងក្បាលធ្លាក់ក្នុងល្បឿនយ៉ាងលឿងទៅបុកនឹងដីបណ្ដាលឱ្យផ្ទុះឆេះ។ តាមក្រុមមន្ត្រីអាមេរិក យន្ដហោះខ្នាតតូចខាងលើប្រភេទ Learjet 60 បានហោះចាកចេញពីទីក្រុង Austin រដ្ឋ Texas ឆ្ពោះទៅកាន់ប្រទេស Bahamas។ យន្ដហោះនេះបានធ្លាក់នៅក្បែរតំបន់ Cresthaven ក្នុងទីក្រុង Palm Beach ដែលសិ្ថតនៅចម្ងាយមិនដល់១១គីឡូម៉ែត្រទេពីភូមិគ្រឹះ Mar-a-Lago។

លោក ត្រាំ ត្រូវបានរាយការណ៍ថាបានស្នាក់នៅភូមិគ្រឹះរបស់លោកកាលពីថ្ងៃអាទិត្យ និងបានឡើងយន្ដហោះ Air Force One ចាកចេញពីនៅម៉ោង ១១៖៥៥នាទីព្រឹក មួយម៉ោងបន្ទាប់ពីយន្ដហោះខាងលើបានធ្លាក់។ មានព្យុះភ្លៀងត្រូវបានរាយការណ៍ថានៅតំបន់កើតហេតុ ហើយលោក ត្រាំ​បានទទូលឆត្រនៅពេលរូបលោកបានឡើងជិះយន្ដហោះ Air Force One។ ក្រុមមន្ត្រីអាមេរិកបានបញ្ជាក់ថាការស៊ើបអង្កេតមួយកំពុងធ្វើឡើង៕