ប្រេស៉ីល និងវ៉េណេស៊ុយអេឡា ពិភាក្សាពីទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ Amazon

(សៅប៉ូឡូ)៖ រដ្ឋមន្រ្តីាការបរទេសប្រេស៉ីល លោក ​Mauro Vieira និងសមភាគីវ៉េណេស៊ុយអេឡា Oliver Blanco បានជួបគ្នានៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ក្នុងឱកាសនៃកិច្ចប្រជុំកំពូល Ibero-American លើកទី៣០ នៅទីក្រុងម៉ាឌ្រីដ នៃប្រទេសអេស្ប៉ាញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប្រេស៉ីល នៅលើបណ្តាញសង្គម X រដ្ឋមន្រ្តីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ Amazon។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក Vieira ក៏បានអញ្ជើញលោក Blanco ឱ្យមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រេស៉ីលផងដែរ ខណៈដែលប្រទេសទាំងពីរ ស្វែងរកការចាប់ផ្តើមឡើងវិញនូវកិច្ចពិភាក្សាលើរបៀបវារៈទ្វេភាគី។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រេស៉ីល និងវ៉េណេស៊ុយអេឡា ជួបប្រទះភាពតានតឹង បន្ទាប់ពីការបោះឆ្នោតនៅវ៉េណេស៊ុយអេឡាឆ្នាំ ២០២៤ ដែលកាលនោះមានភាពចម្រូងចម្រាស ហើយប្រេស៉ីលបានទាមទារឱ្យមានទិន្នន័យបោះឆ្នោតប្រកបដោយតម្លាភាព ព្រមទាំងបានរារាំងដំណើរការការចូលជាសមាជិករបស់វ៉េណេស៊ុយអេឡាទៅក្នុងក្រុមប្រទេស BRICS ទៀតផង។ បច្ចុប្បន្នប្រទេសទាំងពីរ កំពុងខិតខំដើម្បីស្តារកិច្ចសន្ទនាកម្រិតខ្ពស់ឡើងវិញ៕