ជើងហោះហើរ និងនាវាទេសចរណ៍នៅអឺរ៉ុប រងការគំរាមដាក់គ្រាប់បែក ប៉ុន្តែរកមិនឃើញគ្រឿងផ្ទុះ

(វ៉ាសូវី)៖ កាលថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ជើងហោះហើរយ៉ាងហោចណាស់ចំនួន៧ និងនាវាទេសចរណ៍មួយគ្រឿងនៅអឺរ៉ុប បានរងការគំរាមដាក់គ្រាប់បែក ដែលបង្កឱ្យមានការរំខាននៅតាមអាកាសយានដ្ឋាននានា បើទោះបីជាមិនមានការរកឃើញគ្រឿងផ្ទុះណាមួយក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

នៅថ្ងៃអង្គារ ជើងហោះហើរចំនួន២ ទៅកាន់ទីក្រុង Warsaw ជើងហោះហើរចំនួន២ ទៅកាន់ទីក្រុង Sofia ជើងហោះហើរចំនួន២ ទៅកាន់ទីក្រុង Rome និងជើងហោះហើរចំនួន១ ទៅកាន់អាកាសយានដ្ឋាន Murcia ប្រទេសអេស្ប៉ាញ បានរងការគំរាមកំហែង ខណៈជើងហោះហើរមួយផ្សេងទៀតទៅកាន់ទីក្រុង Sofia ក៏បានទទួលរងការគំរាមកំហែងដែរកាលពីមួយថ្ងៃមុននោះ។ អាកាសយានដ្ឋានមួយនៅទីក្រុង Warsaw ត្រូវបិទជាបណ្ដោះអាសន្ន ហើយកងទ័ពអាកាសអ៉ីតាលី បានអមដំណើរជើងហោះហើរមួយ ក្នុងចំណោមជើងហោះហើរទៅកាន់ទីក្រុង Rome។

ដោយឡែក នាវាទេសចរណ៍មួយគ្រឿងដែលកំពុងធ្វើដំណើរទៅអ៉ីស្រាអែល ត្រូវបានអាជ្ញាធរក្នុងប្រទេសក្រិក ចុះឆែកឆេររកគ្រាប់បែក។ មិនមានភាគីណាមួយចេញមុខទទួលខុសត្រូវឡើយ ហើយក្រុមមន្ត្រីក៏មិនបានចោទប្រកាន់ភាគីណាមួយដែរ។ លោក Rhys Jones អ្នកគ្រប់គ្រងផ្នែកលទ្ធផលវិភាគនៅក្រុមហ៊ុនផ្តល់ប្រឹក្សាអំពីហានិភ័យក្នុងវិស័យអាកាសចរណ៍ Osprey Flight Solutions បានលើកឡើងថា ការគំរាមកំហែងដាក់គ្រាប់បែក ៧ករណី ដែលត្រូវបានបញ្ជាក់ថាជាការពិត ក្នុងរយៈពេលតែមួយថ្ងៃ ហើយបានជះឥទ្ធិពលដល់ជើងហោះហើរនោះ គឺមិនធម្មតាឡើយ ដែលអាចចាត់ទុកថាជាការប៉ុនប៉ងមួយ៕