(ហ្សាការតា)៖ មន្ត្រីប៉ូលិសជាន់ខ្ពស់ឥណ្ឌូណេស៊ី ៣រូប ក្នុងនោះរួមមានទាំងនាយខុទ្ទការល័យរបស់ប្រធានាធិបតី លោក Prabowo Subianto ត្រូវបានចាប់ខ្លួនពីបទសង្ស័យលួចស្ដាប់កិច្ចសន្ទនាតាមទូរស័ព្ទរបស់ប្រធានាធិបតី រដ្ឋមន្ត្រី និងមនុស្សជាច្រើននាក់ទៀត។ នេះបើតាមការបញ្ជាក់ពីក្រុមមន្ត្រីឥណ្ឌូណេស៊ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

ប៉ូលិសឥណ្ឌូណេស៊ីមិនបានបញ្ជាក់ពីឈ្មោះរបស់ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះទេ។ ប៉ុន្តែ Reuters បានបញ្ជាក់ជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ីថានាយខុទ្ទការល័យរបស់ប្រធានាធិបតីដែលទើបតែត្រូវបានតែងតាំងកាលពីថ្មីៗនេះគឺលោក Listyo Sigit Prabowo ក៏បានស្ថិតនៅក្នុងចំណោមជនសង្ស័យត្រូវបានចាប់ខ្លួនផងដែរ។ ជនសង្ស័យទាំង៣នាក់ ត្រូវបានចោទប្រកាន់ពីបទលួចស្ដាប់ដោយខុសច្បាប់កិច្ចសន្ទនាតាមទូរស័ព្ទរបស់ប្រធានាធិបតី អ្នកកាសែត អ្នកនយោបាយ អ្នកជំនួញ និងមនុស្សជាច្រើននាក់ទៀតចាប់តាំងពី ឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៦នេះ។
លោក Listyo Sigit Prabowo ដែលមិនមែនជាសមាជិកគ្រួសារ ឬជាប់សាច់ញាតិជាមួយលោកប្រធានាធិបតី Prabowo ធ្លាប់កាន់តំណែងជាអគ្គស្នងការនគរបាលជាតិឥណ្ឌូណេស៊ី មុននឹងត្រូវបានតែងតាំងជានាយខុទ្ទការល័យប្រធានាធិបតីកាលពីខែតុលា។
គួរបញ្ជាក់ថា ប៉ូលិសឥណ្ឌូណេស៊ី បានបញ្ជាក់ឈ្មោះជនសង្ស័យទាំង៣នាក់ ជាមួយអក្សរកាត់ប៉ុណ្ណោះគឺ LSP AHN និង EH ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង។ ប៉ុន្តែខាង រដ្ឋាភិបាលឥណ្ឌូណេស៊ីមិនទាន់បានកំណត់ពីចេតនា ឬក៏រកឃើញភស្តុតាងទាញភ្ជាប់ជនសង្ស័យទៅនឹងអំពើក្បត់ណាមួយនោះទេ៕
































