ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានជំរុញឱ្យហ្វីលីពីនគ្រប់គ្រងលើអ្នកនយោបាយមួយចំនួនរបស់ខ្លួនដែលបានមួលបង្កាច់ចិនម្ដងហើយម្ដងទៀត និងបញ្ឈប់ពួកគេកុំឱ្យឆ្លងបន្ទាត់ក្រហមរបស់ប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ចិន និងហ្វីលីពីនបានជាប់គាំងក្នុងភាពតានតឹងជាច្រើនឆ្នាំមកហើយ ពាក់ព័ន្ធនឹងការទាមទារអធិបតេយ្យគ្រប់គ្រងរៀងៗខ្លួនលើដែនទឹកមានជម្លោះនៅឯសមុទ្រចិនខាងត្បូង។ ប៉ុន្តែភាពតានតឹងផ្នែកការទូតបានកើនឡើងកាន់តែខ្លាំងនាប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ ទីក្រុងប៉េកាំងបានចោទប្រកាន់ទីក្រុងម៉ានីលកាលពីសប្ដាហ៍មុនថាបានបង្កឧបសគ្គជាច្រើនចំពោះវត្តមានរបស់ក្រុមមន្ត្រីចិនចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ក្នុងប្រទេសហ្វីលីពីន ជាការអះអាងមួយត្រូវបានប្រមុខការពារជាតិហ្វីលីពីនច្រានចោល។

កាលពីដើមខែតុលាកន្លងទៅ ក្រសួងការបរទេសហ្វីលីពីនបានកោះហៅឯកអគ្គរដ្ឋទូតចិន បន្ទាប់ពីរូបលោកបាននិយាយថាចិនអាចយកឈ្នះបានយ៉ាងងាយប្រសិនបើជម្លោះណាមួយផ្ទុះឡើងរវាងចិន និងហ្វីលីពីន ហើយដែលការលើកឡើងបែបនេះបានជំរុញឱ្យអ្នកនយោបាយហ្វីលីពីនមួយចំនួនអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងម៉ានីលបណ្ដេញឯកអគ្គរដ្ឋទូតចិនចេញពីប្រទេស។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro ថាទំនាក់ទំនងទ្វេភាគីបច្ចុប្បន្នកំពុងប្រឈមមុខនឹងការជ្រៀតជ្រែកដោយចេតនាអាក្រក់។ តាមលោកប្រមុខការទូតចិន អ្នកនយោបាយមួយចំនួនតូចរបស់ហ្វីលីពីនបានវាយប្រហារពាក្យសម្ដី និងមួលបង្កាច់ចិនម្ដងហើយម្ដងទៀតដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសចិន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីហ្វីលីពីន លោក Wang Yi ក៏បានព្រមានដែរកុំឱ្យហ្វីលីពីនឆ្លងបន្ទាត់ក្រហមរបស់ចិន តែលោកមិនបានបញ្ជាក់លម្អិតពីបន្ទាត់ក្រហមដែលលោកចង់សំដៅដល់នោះទេ។ ចំណែក លោកស្រី Lazaro នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម បាននិយាយថាកិច្ចសន្ទនាជាមួយប្រមុខការទូតចិនបានប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ និងលក្ខណៈស្ថាបនា ជាមួយការសង្កត់ធ្ងន់ថាភាគីទាំងសងខាងបានគូសបញ្ជាក់ពីភាពចាំបាច់ដើម្បីបន្តកិច្ចសន្ទនាការទូត និងការដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ៕