លោក ថាំង វីយុទ្ធដា ចាត់តាំងក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងស្ត្រីសម្រាលកូន


(កំពង់ធំ)÷ នាពេលថ្មីៗនេះ លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានចាត់តាំងក្រុមការងារចុះជួយមូលដ្ឋានតាមបណ្តាភូមិ សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរឃុំ-ភូមិ និងយុវជនប្រចាំការ ចុះស្រាវជ្រាវ សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរា អ្នកជំងឺ និងស្ត្រីទើបសម្រាលកូន នៅក្នុងមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

នៅក្នុងសកម្មភាពមនុស្សធម៌នាឱកាសនោះ ក្រុមការងារបាននាំយកសម្ភារ និងថវិការបស់ លោក ថាំង វីយុទ្ធដា ចុះដល់លំនៅឋាន ដើម្បីឧបត្ថម្ភជូនដល់គ្រួសារគោលដៅ រួមមាន៖ ១.ចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រួសារស្ត្រីទើបសម្រាលកូន (ចំនួន ០៣គ្រួសារ)៖ ឧបត្ថម្ភសម្ភារ និងថវិកា ១០‌០,០០០ រៀល, ខោទឹកនោមទារក២ដុំ និងម្សៅក្រអូប២កំប៉ុង ក្នុងមួយគ្រួសារ ជូនដល់៖ លោកស្រី គាក អ៊ាវ (ភូមិចំបក់បញ្ញា) លោកស្រី វ៉ាន់ ម៉េត (ភូមិឈើទាល) និងលោកស្រី ជា ស៊ីឡូ (ភូមិពន្លាជ័យ) ដើម្បីជួយសម្រាលបន្ទុកជីវភាពគ្រួសារ។

២. ការចុះសួរសុខទុក្ខ អ្នកជំងឺ និងជនចាស់ជរា (ចំនួន ៤គ្រួសារ)៖ ក្នុងនោះ ភូមិពោធិ៍ មានចំនួន ០៣គ្រួសារ រួមមាន៖ លោកស្រី កាន កាយ (មានជំងឺបេះដូង) ទទួលបានថវិកា ១០‌០,០០០ រៀល, លោកយាយ ឈាន សុះ (ចាស់ជរា) ទទួលបានថវិកា ១០‌០,០០០ រៀល និងលោក ថោង ណាក់ មេភូមិពោធិ៍ (មានជំងឺគ្រុនឈាម) ទទួលបានថវិកា ១៥០,០០០ រៀល។ ដោយឡែក នៅ ភូមិពន្លាជ័យ មានចំនួន ០១គ្រួសារ គឺលោកតា ហ៊ឹម យ៊ាំ (មានជំងឺប្រចាំកាយ) ទទួលបានថវិកា ១០‌០,០០០ រៀល ដើម្បីរួមចំណែកជួយសម្រាលបន្ទុកក្នុងការព្យាបាលជំងឺ និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
៣. ការចូលរួមរំលែកទុក្ខគ្រួសារសព (ចំនួន ១គ្រួសារ)៖ ក្រុមការងារបាននាំយកថវិកាចំនួន ២០‌០,០០០ រៀល ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសម្តែងនូវការសោកស្តាយជាពន់ពេកជាមួយគ្រួសារសពលោកស្រី ឆាន ឆាត អាយុ ៣៦ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ នៅភូមិចំបក់បញ្ញា ដើម្បីរួមចំណែកសម្រាលបន្ទុកក្នុងការរៀបចំពិធីបុណ្យសពតាមប្រពៃណី។ អត្ថបទ រដ្ឋបាលស្រុកស្ទោង