(វ៉ាស៊ីនតោន)៖ រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុម័តលើថ្នាំបង្ការមេរោគអេដស៍ (HIV) ប្រភេទចាក់ដែលមានតម្លៃថោក ហើយនេះជាការបោះជំហានមួយយ៉ាងធំដើម្បីអាចឱ្យថ្នាំនេះត្រូវបានចែកចាយទៅកាន់បណ្ដាប្រទេសមានប្រាក់ចំណូលទាប និងមធ្យមជាង ១២០ប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសពីការអនុម័តខាងលើត្រូវបានធ្វើឡើងដោយក្រុមហ៊ុនផលិត និងអង្គការជាដៃគូសហការដែលបានជួយបង្កើនល្បឿនក្នុងការអភិវឌ្ឍថ្នាំបង្ការមេរោគអេដស៍ ឈ្មោះ lenacapavir។ លោកស្រី Carmen Pérez Casas មកពីអង្គការ Unitaid ជាទីភ្នាក់ងារសុខាភិបាលសកលមួយបាននិយាយថា «មនុស្សមួយចំនួនមិនបានផឹកថ្នាំប្រចាំថ្ងៃតាមការណែនាំនោះទេ។ ដូច្នេះបើពួកគេមិនបានផឹកថ្នាំប្រចាំថ្ងៃតាមការណែនាំ ពួកគេមិនអាចទទួលបានការការពារប្រឆាំងនឹងមេរោគអេដស៍ឡើយ។ ប៉ុន្តែដោយមានថ្នាំ lenacapavir ក្ដីសង្ឃឹមរស់មានកាន់តែច្រើន»។
គួរបញ្ជាក់ថា lenacapavir ជាប្រភេទថ្នាំចាក់ ២ដងក្នុងមួយឆ្នាំ។ ថ្នាំចាក់នេះត្រូវបានរំពឹងថានឹងមានតម្លៃ ៤០ដុល្លារក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់ដែលត្រូវចាក់ថ្នាំបង្ការមេរោគអេដស៍នេះ ហើយតម្លៃនេះគឺប្រហាក់ប្រហែលនឹងការចំណាយលើថ្នាំលេបដែរ។ ប៉ុន្តែការចាក់មានប្រសិទ្ធខ្ពស់ជាងការប្រើប្រាស់ថ្នាំលេប ហើយណាមួយវាមានភាពងាយស្រួលដោយមិនចាំបាច់ផឹកថ្នាំរាល់ថ្ងៃ៕































