(វ៉ាស៉ីនតោន)៖ យោងតាមឯកសារយុទ្ធសាស្ត្រមួយរបស់ក្រសួងការបរទេសអាមេរិក ដែលទើបផ្សព្វផ្សាយនាពេលថ្មីៗ ទីក្រុងវ៉ាស៉ីនតោនមានបំណងប្រើប្រាស់ការទូតសន្តិភាពនៅមីយ៉ាន់ម៉ា ជាមធ្យោបាយមួយដើម្បីពង្រីកឥទ្ធិពលអាមេរិក និងដើម្បីឈានទៅទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ របស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

កាលពីខែមុន ក្រុមមន្ត្រីអាមេរិកបានបើកការចរចាសម្ងាត់ជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំ ដោយអតីតមេដឹកនាំរដ្ឋប្រហារឆ្នាំ២០២១។ ការចរចាដើម្បីចាប់ផ្តើមទំនាក់ទំនងឡើងវិញ ដែលមានការចូលរួមពីលោក Michael Vance មន្ត្រីជាន់ខ្ពស់ផ្នែកស៉ើបការណ៍សម្ងាត់នៃក្រសួងការបរទេសអាមេរិក គឺជាការផ្លាស់ប្តូរមួយពីគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលអនុវត្តអស់រយៈពេលជាច្រើនឆ្នាំ ក្នុងគោលបំណងដាក់ឱ្យយោធានៅឯកោ។ ការចរចាក៏រួមមានផងដែរទៅលើវិធីសាស្រ្ត ដើម្បីទទួលបានសិទ្ធិចូលទៅកាន់ធនធានរ៉ែកម្រ ដែលភាគច្រើនស្ថិតនៅក្នុងតំបន់មានជម្លោះ។
ប៉ុន្តែ យុទ្ធសាស្ត្ររួមសម្រាប់បេសកកម្មរបស់សហរដ្ឋអាមេរិកនៅមីយ៉ាន់ម៉ា បានណែនាំយ៉ាងច្បាស់មិនធ្លាប់មាន ពាក់ព័ន្ធរបៀបដែលក្រុមហ៊ុនអាមេរិកអាចបង្កើតមូលដ្ឋាននៅក្នុងប្រទេសនេះ។ យុទ្ធសាស្ត្រនេះ តម្រូវឱ្យក្រុមហ៊ុនចូលរួមក្នុងដំណើរការចរចាជាមួយក្រុមប្រដាប់អាវុធ ដែលរួមមានទាំងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមឧទ្ទាមជនជាតិភាគតិច ដែលខ្លះបានប្រយុទ្ធប្រឆាំងនឹងយោធាមីយ៉ាន់ម៉ាច្រើនទសវត្សរ៍មកហើយ ដើម្បីស្វែងរកសិទ្ធិគ្រប់គ្រងខ្លួនឯង។
បេសកម្មអាមេរិកនៅមីយ៉ាន់ម៉ា នឹងខិតខំឆ្ពោះទៅរកបទឈប់បាញ់មួយ ដែលបើកផ្លូវទៅរកកិច្ចព្រមព្រៀងសន្តិភាពប្រកបដោយនិរន្តរភាព ត្រឹមឆ្នាំ ២០៣០។ យោងតាមឯកសារយុទ្ធសាស្ត្រខាងលើ ការងារនេះរួមបញ្ចូលទាំងការសម្របសម្រួលរៀបចំ វេទិកាដែលមានភាគីពាក់ព័ន្ធចូលរួមយ៉ាងហោចណាស់ចំនួន៣ ដែលនឹងនាំឱ្យមានកិច្ចព្រមព្រៀងជាក់ស្តែង ឬសំណើគោលនយោបាយនានា ក្នុងគោលបំណងជំរុញប្រព័ន្ធសហព័ន្ធផ្នែកហិរញ្ញវត្ថុ និងការកំណត់ព្រំដែនទឹកដីក្នុងប្រទេសមីយ៉ាន់ម៉ា។ សកម្មភាពទាំងនេះ នឹងបង្កើតឱកាសសម្រាប់ការទទួលបានធនធានរ៉ែកម្រដ៏សម្បូរបែបរបស់មីយ៉ាន់ម៉ា ព្រមទាំងជួយប្រយុទ្ធប្រឆាំងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ៕































