
ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ម្សិលមិញ នៅសាលាបឋមសិក្សាផ្សារលើ ដែលស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ យ៉ាងគាំទ្រ និងអធិកអធមក្រោមកយភាពសប្បាយរីករាយ។
កម្មវិធីដ៏មានសារៈសំខាន់នេះត្រូវបានប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាផ្ទាល់ ដោយមានកិច្ចចូលរួមយ៉ាងច្រើនកុះករពីសំណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិការបស់សមាគមជាច្រើនរូប។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ជាកិច្ចស្វាគមន៍ និងរបាយការណ៍សង្ខេបស្ដីពីលទ្ធផលឆ្នាំសិក្សាកន្លង
ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ហែម សំអុលនាយកសាលាបឋមសិក្សាផ្សារលើ បានឡើងអានរបាយការណ៍ស្វាគមន៍ និងវឌ្ឍនភាពការងារក្នុងឆ្នាំសិក្សាចាស់កន្លងមក។ ក្នុងរបាយការណ៍នោះ លោកនាយកបានលើកឡើងពីសមិទ្ធផលនានាដែលសាលាសម្រេចបាន ទាំងលើផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការលើកកម្ពស់គុណភាពបង្រៀន និងរៀន ក៏ដូចជាកិច្ចសហការយ៉ាងល្អប្រសើររវាងសាលា អាជ្ញាធរ និងមាតាបិតា-អាណាព្យាបាលសិស្សក្នុងការជំរុញការសិក្សារបស់កូនៗ។
ជាបន្តបន្ទាប់មក ប្រធានសមាគមអាណាព្យាបាលសិស្ស បានឡើងបង្ហាញរបាយការណ៍សកម្មភាពការងាររបស់សមាគម ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងដល់សាលាបឋមសិក្សាផ្សារលើ ទាំងការគាំទ្រសម្ភារសិក្សា ការជួយកែលម្អបរិស្ថានសាលារៀន និងការបង្កើតស្មារតីសាមគ្គីភាពគ្នាល្អក្នុងកិច្ចអភិវឌ្ឍវិស័យអប់រំមូលដ្ឋាន។

ការអានសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលចំណុចសំខាន់នៃពិធី គឺការឡើងមានមតិ និងអានសារលិខិតស្វាគមន៍បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងអប់រំ។
ក្នុងសារលិខិតរបស់សម្តេចបវរធិបតី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះវិស័យអប់រំ ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់កសាង និងអភិវឌ្ឍន៍សង្គមជាតិ។ សារលិខិតក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស បន្តខិតខំប្រឹងប្រែងរួមគ្នាលើកកម្ពស់គុណភាពអប់រំ ការពង្រឹងវិន័យ សីលធម៌ និងការត្រៀមខ្លួនទទួលយកនូវការផ្លាស់ប្តូរថ្មីៗក្នុងសម័យកាលឌីជីថល។

ក្នុងឱកាសដ៏មហោស៍សាលនោះដែរ លោកជំទាវ សេង សុមេត្តា បានមានប្រសាសន៍សំណេះសំណាលប្រកបដោយអត្ថន័យជ្រាលជ្រៅ និងបានផ្ដាំផ្ញើផ្ដល់ការណែនាំដល់អង្គពិធីទាំងមូល៖
ចំពោះក្មួយៗសិស្សានុសិស្ស៖ លោកជំទាវបានក្រើនរំលឹកឱ្យកូនៗទាំងអស់ត្រូវខិតខំរៀនសូត្រស្តាប់បង្គាប់លោកគ្រូអ្នកគ្រូ និងមាតាបិតា ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ក៏ដូចជាត្រូវចេះស្រឡាញ់សៀវភៅ និងការអាន ដើម្បីក្រេបជញ្ជក់ចំណេះដឹងក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ប្រទេសជាតិ។
ចំពោះលោកគ្រូ អ្នកគ្រូ៖ លោកជំទាវបានលើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តក្នុងការបង្រៀន និងស្រាវជ្រាវវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីធានាថាបុត្រធីតាសិស្សានុសិស្សទទួលបានទាំងចំណេះដឹង ចំណេះធ្វើ និងសីលធម៌ល្អរស់នៅប្រកបដោយតម្លៃក្នុងសង្គម។
ចំពោះមាតាបិតា និងអាណាព្យាបាលសិស្ស៖ លោកជំទាវបានសំណូមពរឱ្យបន្តជួយតាមដានការសិក្សានៅផ្ទះ និងសហការជាមួយសាលារៀនជានិច្ច ព្រោះការអប់រំដ៏ល្អប្រសើរបំផុតគឺកើតចេញពីការរួមផ្សំគ្នារវាង សាលារៀន គ្រួសារ និងសង្គមជាតិ ។
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសាលាបឋមសិក្សាផ្សារលើបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល រំភើបក្រៃលែង និងទន្ទឹងរង់ចាំនូវភាពជោគជ័យថ្មីៗបន្តទៀតសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នេះ៕ ព័ត៌មានដោយ នីណា ញូស៍















































