(បរទេស)៖ នៅចុងសប្តាហ៍នៃបុណ្យ Halloween អ្នកប្រើប្រាស់ Grok Bot មួយចំនួនបានភ្ញាក់ផ្អើលជាខ្លាំង ក្រោយជួបនឹងរឿងរ៉ាវនឹកស្មានមិនដល់មួយ នោះ គឺដែនកំណត់នៃការប្រើប្រាស់ប្រចាំសប្តាហ៍របស់ពួកគេត្រូវបានពេញស្ទះ (Maxed out) ទោះបីជាពួកគេមិនបានប្រើប្រាស់ AI របស់ SpaceX មួយនេះនៅពេលយប់ក៏ដោយ។

អ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍នៅលើបណ្តាញសង្គម X ថា ការប្រើប្រាស់របស់ពួកគេបានស្ទុះកើនឡើងពីត្រឹម ៥០% រហូតដល់១០០%។ នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន SpaceX លោក Elon Musk បានបញ្ជាក់នៅក្នុងការបង្ហោះលើ X កាលពីថ្ងៃអាទិត្យកន្លងទៅថា នេះមិនមែនជាកំហុសបច្ចេកទេស (Glitch) នោះទេ។ លោកបានសរសេរឆ្លើយតបទៅនឹងសំណួររបស់អ្នកប្រើប្រាស់ម្នាក់ថា «ចំណាយលើការផ្តល់សេវា Grok Bot គឺខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់ បើធៀបទៅនឹងចំណូលដែលទទួលបាន»។ លោកមិនទាន់បានលើកឡើងពីបញ្ហានេះនៅលើទំព័រដើម (Main feed) របស់លោកនៅឡើយទេ ប៉ុន្តែលោកនៅតែបន្តអួតអាងថា Grok Bot អាចជួយអ្នកទិញកាដូជូនគ្រួសាររបស់អ្នកបាន។
Grok Bot ត្រូវបានគេចាត់ទុកជាសាច់រឿងជោគជ័យមួយសម្រាប់ក្រុមហ៊ុន SpaceX ដែលទើបតែចុះបញ្ជីជាសាធារណៈ។ ក្រុមហ៊ុននេះ បានថ្លែងនៅក្នុងឯកសារដាក់ជូនកាលពីខែមុនថា បច្ចេកវិទ្យា AI ឥឡូវនេះគ្របដណ្តប់រហូតដល់ ៥២% នៃចំណូលរបស់ក្រុមហ៊ុន។ ផ្នែកដែលត្រូវបានប្តូរឈ្មោះជា «Super Intelligence» របស់ខ្លួន ពិតជាបានបង្កើតប្រាក់ចំណេញចំនួន ៤៣១លានដុល្លារ ដែលជាករណីកម្រមួយនៅក្នុងឧស្សាហកម្ម AI។ ប្រាក់ចំណេញរបស់វានឹងខ្ពស់ជាងនេះ ប្រសិនបើគ្មានការចំណាយតែមួយលើក (One-time costs) ចំនួន ១,២ពាន់លានដុល្លារ ដែលពាក់ព័ន្ធនឹងការទិញយកក្រុមហ៊ុន Cursor នោះទេ។
កាលពីពេលថ្មីៗនេះ លោក Elon Musk បានសម្តែងការយោងទៅលើ Grok Bot ថាជាផលិតផលដែលមាន «ការកើនឡើងលឿនបំផុតដែលខ្ញុំមិនធ្លាប់បានឃើញនៅក្នុងជីវិតរបស់ខ្ញុំ»។ លោក Musk មិនទាន់បានចែករំលែកនៅឡើយទេថា តើដែនកំណត់នៃការប្រើប្រាស់របស់អ្នកជាវ (Subscribers) នឹងត្រូវរងផលប៉ះពាល់យ៉ាងណានៅពេលខាងមុខ៕
































