
កំពង់ធំ ÷ នៅព្រឹកថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត សាន វិសាល រដ្ឋលេខាធិការ និង ជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដំណើរ ដោយឯកឧត្តមបណ្ឌិត លឹម អ៊ីវ តំណាងគ.ត.វ និងតំណាងមន្ទីរអភិវឌ្ឍន៍អភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានអញ្ជើញចុះ ត្រួតពិនិត្យនិងវាយតម្លៃ បញ្ចប់សុពលភាព លើការសាងសង់ស្ពានបេឡេតិ៍ តំបន់អូរតាឆុង ស្ថិតនៅក្នុងឃុំតាំងក្រសៅ និងឃុំស្រើង ស្រុកប្រាសាទសំបូរ។

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សាន វិសាល បានមានប្រសាសន៍ថា ស្ពានដែកបេឡេតិ៍ ដែលស្ថិតនៅក្នុងតំបន់អូរតាឆុង គឺត្រូវបានសាងសង់ឡើងតាមរយៈការសម្រេចផ្ដល់ជូន ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដែលសម្ដេចបានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋនៅចំការចន្ទី របស់សហគមន៍ កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៥ កន្លងទៅ។ ការសម្រេចផ្ដល់ជូននេះ គឺជាសំណូមពរនិងស្នើសុំអំពីប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿងផងដែរ។ ស្ពាននេះ សាងសង់ឡើងក្នុងគោលបំណងលើកកម្ពស់ ការដឹកជញ្ជូនកសិផល និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ជួយសម្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀន ការដឹកជញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឲ្យបានទាន់ពេលវេលា ព្រមទាំងបង្ករលក្ខណៈងាយស្រួល ដល់សេវាកម្មនានាដូចជា អប់រំ សុខភាពអនាម័យ ព័ត៌មាន និងការសិក្សាធិការជាដើម។

ឯកឧត្តមបណ្ឌិតបានបន្ថែមថា ស្ពាននេះ គឺសម្ដេចនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ច ឱ្យក្រសួងអភិវឌ្ឍន៍ជនបទជាអ្នកទទួលខុសត្រូវក្នុងការសាងសង់។ ហើយស្ពាននេះផងដែរគឺមានប្រវែង ៣៦ម ទទឹង ៤,២ម និងស្ថាបនាផ្លូវសងខាងក្បាលស្ពាន ក្រាលដីល្បាយគ្រួស ប្រវែងម្ខាងៗ ៥០០ម ទទឹង ៦ម ព្រមទាំងមានតម្លើងផ្លាកសញ្ញាចរាចរណ៍ ចំនួន ១២ផ្លាក និងបង្គោលសុវត្ថិភាព ចំនួន ៨០ដើម ។ បន្ទាប់ពីបានចុះត្រួតពិនិត្យជាក់ស្ដែង គណៈប្រតិភូអន្តរក្រសួង រួមទាំងវិស្វករជាមន្ត្រីត្រួតពិនិត្យបច្ចេកទេស បានឯកភាព ទទួលយកនូវលទ្ធផល នៃការអនុវត្តការងាររបស់នាយកដ្ឋានផ្លូវលំជនបទ បញ្ចប់សុពលភាពការងារដោយគុណភាព និងសោភ័ណភាព នៃរក្សាគុណភាពល្អដដែល។ គណៈប្រតិភូអន្តរក្រសួង ក៏បានសំណូមពរទៅដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមាននាទីទទួលបន្ទុកថែទាំបន្តរ ដោយសហការណែនាំឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការថែទាំផ្លូវនិងស្ពានខាងលើ ឲ្យបានល្អប្រសើរ ប្រកបដោយគុណភាព ត្រូវមានការយាមកាមយ៉ាងម៉ត់ចត់ ដើម្បីរក្សាគុណភាពផ្លូវឲ្យបានគង់វង្សយូរអង្វែង ហើយចាត់ទុក្ខផ្លូវនេះជារបស់ពួកគាត់។

គូបញ្ជាក់ផងដែរថាស្ពាននេះបានតភ្ជាប់ឃុំចំនួន ០២ គឺឃុំតាំងក្រសៅ និងឃុំស្រើង ក្នុងស្រុកប្រាសាទសំបូរ។ ដោយមានអ្នកទទួលផលដោយផ្ទាល់ សរុបចំនួន ១៩០៨ នាក់ ស្មើរហ្នឹង ៤៧៧គ្រួសារ ដោយរួមមាន ភូមិទឹកអណ្ដូង ភូមិជាំបឹង ភូមិបេង ភូមិត្នោតជួរ ភូមិបឹងខ្វែក និងភូមិអន្លង់ស្លែង ព្រមទាំងមានផលប្រយោជន៍ដោយប្រយោល ដល់ប្រជាពលរដ្ឋសរុប ១២៩៥នាក់ ស្មើរនឹង ៣៦៥គ្រួសារ ដែលរស់នៅក្នុងបណ្ដាភូមិ ក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ដែលជាមធ្យម មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ចន្លោះ ១០០នាក់ ទៅ ២០០នាក់ ក្នុងមួយថ្ងៃ។ អត្ថបទ.ដោយលោកលន សុភា.ពិនិត្យដោយសេក សាវេត







































