ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា។

ពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ប្រព្រឹត្តទៅក្រោមប្រធានបទ «មួយ​សត​វត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើក​កម្ពស់​អត្តសញ្ញាណជាតិ» ដើម្បីជាឱកាសរំលឹកដំណើរ​របស់ស្ថាប័នថែរក្សាមរតកឯកសារ និង​បង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការអភិរក្ស និងធ្វើឱ្យ​បណ្ណ​សារក្លាយជាចំណេះដឹង​ដែល​អាច​​សិក្សា និងប្រើប្រាស់បាន។

បណ្ណសារដ្ឋានជាតិបានបំពេញតួនាទីជាឃ្លាំងរក្សាបណ្ណ​សារប្រវត្តិសាស្ត្រ សៀវភៅបុរាណ កាសែត ផែនទី និងកំណត់ត្រាសំខាន់ៗ ជាស្ពានឆ្លង​កាត់​របត់ប្រវត្តិសាស្ត្រ និងជាថ្នាល​ចំណេះ​ដឹងសម្រាប់អ្នកស្រាវជ្រាវ និងមនុស្សជំនាន់​ក្រោយ។ ទោះឆ្លងកាត់សង្គ្រាម និងការ​លំបាក ក៏មរតកទាំងនេះ ត្រូវបានថែរក្សាមកដល់​សព្វ​ថ្ងៃ ដោយសារការលះបង់ និងស្មារតីស្រឡាញ់ជាតិ។

កម្មវិធីពិព័រណ៍ត្រូវបានរៀបចំឡើងដើម្បីសម្រេចបាននូវគោលដៅចំនួន៣ ដែលផ្សារភ្ជាប់​គ្នាទៅវិញទៅមក៖

១៖ ការចងចាំនិងលក្ខណៈសម្គាល់អត្តសញ្ញាណជាតិ៖ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញ​នូវដំណើរ​វិវត្តន៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលមានការកសាងស្ថាប័ននយោបាយ និរន្តរភាពវប្បធម៌ ស្ថេរ​ភាពនយោបាយ សន្តិភាព និងបទពិសោធរស់រាននានាដែលត្រូវបាន​ចងក្រងជាឯក​សារអស់រយៈពេលជាងមួយសតវត្សរ៍នៅក្នុងបណ្ណសារជាតិនៃកម្ពុជា។

បើទោះបីជាអគារបណ្ណសារដ្ឋានដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ១៩២៦ ក៏ដោយ កម្មវិធី​ពិព័រណ៍នេះ ក៏អាចនឹងបង្ហាញពីឯកសារសម័យមុនអាណាព្យាបាល ដូចជាការដាក់តាំង​បង្ហាញនូវសាស្ត្រាស្លឹករឹត ឬឯកសារចម្លងពីសិលាចារឹកដែលបង្ហាញពី «ប្រព័ន្ធគ្រប់គ្រងរដ្ឋ​បាលខ្មែរ» តាំងពីបុរាណ និងជួយឱ្យអ្នកទស្សនាឃើញថា បណ្ណសារដ្ឋានជាតិជា​អ្នកបន្ត​វេន​ថែរក្សាដួងព្រលឹងជាតិដែលមានឫសគល់យូរលង់។

២៖ ការអប់រំ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ៖ ដើម្បីផ្លាស់ប្តូរទស្សនៈសាធា​រណៈដែលតែងតែយល់ថា បណ្ណសារដ្ឋានជាតិជាកន្លែងរក្សាទុកឯកសារចាស់ៗទៅជា​ស្ថា​ប័នចងចាំដ៏ទំនើបដែលមានសារៈសំខាន់ចាំបាច់សម្រាប់ការអភិបាលកិច្ច ការស្រាវជ្រាវ និង​ការថែរក្សាលក្ខណៈសម្គាល់អត្តសញ្ញាណជាតិ។

៣៖ ការទូតវប្បធម៌ និងការចូលរួមជាអន្តរជាតិ៖ ដើម្បីជំរុញឱ្យមានការចូលរួមរបស់​គណៈ​ប្រតិ​ភូហ្វ្រង់កូហ្វូនី (Francophonie) និងដៃគូអន្តរជាតិក្នុងការព្រឹត្តិ និងពង្រីកទំនាក់​ទំនង​វប្បធម៌ ជាពិសេសជាមួយប្រទេសបារាំង និងការលើកកម្ពស់របៀបវារៈកំណែ​ទម្រង់​វិស័យបណ្ណសាររបស់កម្ពុជា។

ឆ្លៀតឱកាសនេះ កម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ ក៏អាចរៀបចំជូនគណៈប្រតិភូបណ្តា​ប្រទេស​ហ្វ្រង់កូហ្វូនី មកទស្សនាទីតាំងបណ្ណសារជាតិ និងពិព័រណ៍ដោយផ្ទាល់។ ការណ៍​នេះនឹង​បង្ហាញអំពីចំណងទាក់ទងស៊ីជម្រៅតាមរយៈប្រវត្តិសាស្ត្រ វប្បធម៌ និងបណ្ណសារ ព្រមទាំង​បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មប្រព័ន្ធបណ្ណសាររបស់ខ្លួន ក៏ដូចជា​ស្វែងរកការគាំទ្រនិងមានសក្តានុពលសម្រាប់ការប្រមូលបណ្ណសារមកកាន់មាតុភូមិវិញ។

ពិព័រណ៍ត្រូវបានរៀបចំជាបទពិសោធន៍សិក្សាបេតិកភណ្ឌសាធារណៈ ដោយតភ្ជាប់​បណ្ណ​សារ និងបណ្ណា​ល័យជាតិ ដោយបែងចែកជាតំបន់ចំនួនប្រាំ៖

* តំបន់ក (បរិវេណបណ្ណសារដ្ឋានជាតិ)៖ បង្ហាញពី «មរតកឯកសារសម័យបុរាណ» ដែល បង្ហាញពីប្រពៃណី ឥតដាច់នៃការកត់ត្រានិងការរក្សាទុកឯកសារសម័យបុរាណ ពោល​ចាប់ពីសម័យមុនអង្គរ សម័យអង្គរ និងសម័យកណ្តាលនៅលើសិលាចារឹក សន្លឹកលោហៈ សាត្រាស្លឹករឹត រហូតដល់ក្រដាសសម័យទំនើប។

* តំបន់ ខ (អគារបណ្ណាល័យជាតិ)៖ ផ្តោតលើ «កម្ពុជានិងហ្វ្រង់កូហ្វូនី» ដោយបង្ហាញពី​ប្រវត្តិ​សាស្ត្រនៃទំនាក់ទំនងកម្ពុជា-បារាំង ពីដើមរហូតមកដល់បច្ចុប្បន្ន និងការសម្ដែង​នូវ​កតញ្ញូកតវេទិតាធម៌ថ្វាយព្រះករុណាព្រះបាទបរមរតនកោដ្ឋ នរោត្តម សីហនុ ជាស្ថាបនិក (OIF) – La Francophonie ។

* តំបន់ គ (ផ្លូវដើរតភា្ជប់)៖ ជាតំបន់ «មួយសតវត្សរ៍នៃបណ្ណសារជាតិ» ដែលបង្ហាញពី​ដំណើរ​របស់បណ្ណសារដ្ឋានជាតិ តាមរយៈខ្សែបន្ទាត់ពេលវេលាពីឆ្នាំ១៩២៦ ដល់ ២០២៦។

* តំបន់ឃ (សួនច្បារបណ្ណាល័យជាតិ)៖ ជាតំបន់សម្រាប់សាធារណជន ចូលរួមក្នុងការ​ប្រកួត​ប្រជែងនានា និងទទួលយកចំណេះដឹងតាមរយៈបាឋកថា វេទិកាតុមូល និងពិព័រណ៍​សៀវភៅ។

* តំបន់ ង (ឌីជីថល)៖ ជា «ជ្រុងឌីជីថល» ផ្តោតលើការបង្ហាញពីរបៀប ដែលឯកសារ​បណ្ណសារកំណត់ត្រាប្រវត្តិសាស្ត្រ និងស្នាដៃវប្បធម៌ពីអតីតកាល អាចត្រូវបានស្រាវជ្រាវ អភិ​រក្ស ស្តារឡើងវិញ និងនាំមកបង្ហាញក្នុងទម្រង់ថ្មី តាមរយៈបច្ចេកវិទ្យាឌីជីថល សោត​ទស្សន៍ និងការបង្ហាញបែបអន្តរកម្ម។

ក្រៅពីតំបន់នេះ បណ្ណសារដ្ឋានជាតិក៏មានស្តង់នៅភូមិ Francophonie ក្នុងសួនវត្តបុទុម​ដែល​ផ្ដោតលើសន្ធិសញ្ញាបារាំង-សៀមពីឆ្នាំ១៩០៤ ដល់ឆ្នាំ១៩០៧ ការបង្កើត​បណ្ណសា​រដ្ឋាន​​ជាតិ និងការទូតសម័យទំនើបរបស់កម្ពុជា។ កម្ពុជាបានចូលរួមជាអ្នកសង្កេតការណ៍ La Francophonie ក្នុងឆ្នាំ១៩៩១ ហើយក្លាយជាសមាជិកពេញលេញក្នុងឆ្នាំ១៩៩៣។ ឆ្នាំនេះប្រទេសកម្ពុជាមានមោទនភាពក្នុងរៀបចំសន្និសីទ Francophonie លើកទី២០។

+ ប្រវត្តិនៃបណ្ណសារដ្ឋានជាតិ
ចាប់ពីឆ្នាំ១៩០០មក បារាំងបានបង្កើនការគ្រប់គ្រងកាន់តែខ្លាំង និងបានបង្កើតឯកសាររដ្ឋ​បាលជាច្រើន។ ដោយមានការបារម្ភពីបរិមាណ និងគុណភាពឯកសារកាន់តែកើនឡើង លោក អាល់ប៊ែរ សារ៉ូត (Albert Sarraut) (1872- 1962) អគ្គទេសាភិបាលឥណ្ឌូចិន​បារាំងសែស បានលើកឡើងអំពីកត្តាចាំបាច់ក្នុងការគ្រប់គ្រង ថែរក្សាឯកសារ និងបានស្នើ​សុំ​អ្នកបច្ចេកទេសគ្រប់គ្រងបណ្ណសារពីប្រទេសបារាំង ដើម្បីរៀបចំការងារ​គ្រប់គ្រង​បណ្ណ​សារនៅឥណ្ឌូចិន។

រហូតមកដល់ឆ្នាំ១៩១៧ លោក ប៉ុល ប៊ូដេ (Paul Boudet) មន្ត្រីបច្ចេកទេសផ្នែក​បណ្ណាល័​យ និងបណ្ណសារត្រូវបានបញ្ជូនមករៀបចំគោលការណ៍និងនីតិវិធីក្នុងការគ្រប់គ្រង និងធ្វើ​ចំណាត់ថ្នាក់បណ្ណសារ ហើយនិងបានរៀបចំឱ្យមាន ការកសាងឃ្លាំងតម្កល់បណ្ណ​សារចំនួន​ប្រាំ​នៅឥណ្ឌូចិន ដែលរួមមាននៅទីក្រុងភ្នំពេញ ហាណូយ សៃហ្គន វ៉េ និង វៀងចន្ទន៍។

ដោយឡែកឃ្លាំងតម្កល់បណ្ណសារនៅទីក្រុងភ្នំពេញ បានកសាងឡើងនៅឆ្នាំ១៩២៤ និងបើក​ឱ្យ​ដំណើរ​ការនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩២៦ គិតមកដល់សព្វថ្ងៃនេះ មានអាយុជិត១០០​ឆ្នាំ​ហើយ។

បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ១៩៥៣ បណ្ណាល័យ និង​ឃ្លាំង​តម្កល់ឯកសារនៅរាជធានីភ្នំពេញ ត្រូវបានប្ដូរឈ្មោះមកជា «បណ្ណាល័យជាតិ និងបណ្ណ​សារ​ដ្ឋានជាតិ»។

ចាប់ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៦៩ មានវរជនខ្មែរ ដែលជាអ្នកគ្រប់គ្រងបណ្ណាល័យជាតិ និង​បណ្ណ​សា​រដ្ឋានជាតិ ចំនួន៨នាក់ ក្នុងនោះមានលោក ប៉ាច ឈឺន ជាប្រធាន, លោក យម សម្បូរណ៍, លោក អ៊ុក សំ, លោក កឹម ឃន, លោក ឆឹង មារតី, លោក ទៀង សម្បូរណ៍, លោក សៅ ដៀប, និងលោក ឆេង ភួង។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៧១ រដ្ឋាភិបាលនៃសាធារណរដ្ឋខ្មែរ បានផ្ទេរបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ពីទីស្តីការនាយករដ្ឋមន្ត្រី មកក្រសួងអប់រំវិញ។ រីឯវរជនខ្មែរដែល​គ្រប់​គ្រងស្ថាប័ននេះ រួមមានលោក ផិត ផនូរ និងលោក ឱង ផ្កា។

ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៩ ពុំមានអង្គភាពទទួល​បន្ទុក​ការងារបណ្ណសារទេ ហើយអគារបណ្ណាល័យជាតិ និងបណ្ណសារដ្ឋានជាតិ ស្ថិតក្រោម​ការ​គ្រប់គ្រងរបស់ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន ដែលមានលោក អ៊ុំ នាង ជា​ប្រធានបណ្ណាល័យជាតិ។

នៅឆ្នាំ១៩៨៣ ខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្ត្រីបានបង្កើតនាយកដ្ឋានតម្កល់ឯកសាររដ្ឋ ដើម្បី​ដឹកនាំការគ្រប់គ្រង និងថែរក្សាឯកសាររដ្ឋ។

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៨៤ សារាចរលេខ០៩ បានឱ្យផ្ទេរបណ្ណសារដ្ឋានជាតិ ស្ថិតក្រោម​ការ​គ្រប់គ្រងរបស់ខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្ត្រីវិញ។ បន្ទាប់ពីបង្កើតនាយកដ្ឋានតម្កល់ឯក​សារ​រដ្ឋមក លោក ស៊ិន ឃិន ជាអនុ​ប្រធានទទួលបន្ទុករួម និងលោកស្រី ឆាយ វ៉ាន់នឿន អនុប្រធានទទួល​បន្ទុកឃ្លាំង​តម្កល់​ឯក​សារ។

នៅឆ្នាំ១៩៨៦ ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន បានប្រគល់អគារ​បណ្ណសារដ្ឋាន​ជាតិ មកឱ្យខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលមាននាយកដ្ឋានតម្កល់ឯកសារ​រដ្ឋជាអ្នក​ទទួលបន្ទុកគ្រប់គ្រង។

នៅឆ្នាំ២០១៩ បន្ទាប់ពីមានការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងនៅទីស្តីការគណៈរដ្ឋមន្ត្រី បណ្ណសារដ្ឋានជាតិ នៃកម្ពុជា ស្ថិតនៅចំណុះអគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ។

នៅឆ្នាំ២០០១ លោក ស៊ិន ឃិន ត្រូវបានតែងតាំងជាប្រធានគ្រប់គ្រងបណ្ណសារដ្ឋានជាតិ, ឆ្នាំ២០០១-២០០៣ លោកស្រី ឆែម នាង ពីឆ្នាំ២០០៣-២០១១, លោកស្រី លឹម គី ពីឆ្នាំ២០១១-២០១៤, លោកស្រី ម៉ី ដារី ពីឆ្នាំ ២០១៤-២០២១, លោកស្រី កែវ សូនី ពីឆ្នាំ២០២១-២០២៣ និងលោក ម៉ម ចាន់ ពីឆ្នាំ២០២៣ ដល់បច្ចុប្បន្ន។

នៅឆ្នាំ២០២៥ នាយកដ្ឋានតម្កល់ឯកសារជាតិ បានប្តូរឈ្មោះមកជានាយកដ្ឋាន​បណ្ណសារ​ជាតិវិញដឹកនាំដោយលោក សេង ម៉ានោឫទ្ធិ ជាអគ្គនាយក និងលោក ម៉ម ចាន់ ជា​អគ្គ​នា​យ​ក​រង និងជាប្រធានស្តីទី នៃអគ្គនាយកដ្ឋានរាជកិច្ចនិងបណ្ណសារជាតិ។

បណ្ណសារដ្ឋានជាតិកម្ពុជា មានឯកសារសរុបប្រវែង ២,០០០ ម៉ែត្រលីនេអ៊ែ ស្មើនឹង ២,០០០ ម៉ែត្រ៕