ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងទទួលយកលទ្ធផល នៃការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ ដែលបង្ហាញថា គណបក្សសាធារណរដ្ឋរបស់លោក បាត់បង់ការគ្រប់គ្រងសំឡេងភាគច្រើន ទាំងនៅសភាតំណាងរាស្រ្ត (រដ្ឋសភា) និងនៅព្រឹទ្ធសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក ត្រាំ បានអះអាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិកដូច្នេះថា «ប្រាកដណាស់ ខ្ញុំពិតជានឹងទទួលយកលទ្ធផលទាំងនេះ។ ពួកយើងនឹងធ្វើការជាមួយបក្សប្រជាធិបតេយ្យ។ យើងទន្ទឹងរង់ចាំធ្វើការជាមួយពួកគេ»។ ការអះអាងបែបនេះរបស់លោក ត្រាំ គឺបន្ទាប់ពី​លោកប្រធានាធិបតីកន្លងមក បានបង្កភាពមន្ទិលសង្ស័យជុំវិញតម្លាភាពនៃការបោះឆ្នោត ជាហេតុនាំឱ្យកើនឡើងការព្រួយបារម្ភថា រូបលោក​អាចនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ប្រសិនបើបក្សសាធារណរដ្ឋទទួលបរាជ័យ។

គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា លទ្ធផលដែលចេញផ្សាយជាបន្តបន្ទាប់ ដោយបណ្តាប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្ទាល់ បានបង្ហាញថា ការគ្រប់គ្រងអាសនៈភាគច្រើននៅសភាទាំងពីរ​របស់អាមេរិក គឺបានរបូតចេញពីដៃរបស់បក្សសាធារណរដ្ឋ ហើយធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់បក្សប្រជាធិបតេយ្យវិញម្តង។ លទ្ធផលបោះឆ្នោតបែបនេះ នឹងបើកផ្លូវឱ្យគណបក្សប្រជាធិបតេយ្យ អនុវត្តការតាមដានយ៉ាងតឹងរ៉ឹងលើ របៀបវារៈនយោបាយរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់រយៈពេល២ឆ្នាំខាងមុខនេះ ដែលជារយៈពេលចុងក្រោយនៃអាណត្តិកាន់អំណាចរបស់លោក៕