យោធិននៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់វត្តចំនួន ៣ វត្ត ក្នុងថ្ងៃតែមួយ នៅខេត្ដកំពង់ធំ

នៅរសៀលថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ និងភរិយា បានដឹកនាំសហការី និងក្រុមគ្រួសារកងទ័ព នាំយកត្រៃចីវរ និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃ ចូលរួមក្នុងពិធីដង្ហែអង្គកឋិនទានសាមគ្គី នៅវត្តចំនួន ៣ ក្នុងខេត្តកំពង់ធំ គឺទី១ វត្តទេពនិមិ្មត ហៅវត្តធម្មយុត្តិ ទី២ វត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅក្នុងក្រុងស្ទឹងសែន និងទី៣ វត្តបាគង ស្ថិតនៅក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ នៅបណ្ដាឆ្នាំកន្លងទៅ អង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ និងក្រុមគ្រួសារកងទ័ព ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការនៅក្នុងខេត្តកំពង់ធំមួយចំនួន តែងតែបានរៀបចំពិធីដង្ហែអង្គកឋិនទានចេញពីទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅកាន់វត្តមួយចំនួននៅក្នុងខេត្ត។ តែឆ្នាំនេះ ដោយជួបបញ្ហាការងារមមាញឹកច្រើន ពិសេសកងកម្លាំងជាប់បំពេញភារកិច្ចការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ និងកងកម្លាំងមួយចំនួនទៀតកំពុងជាប់បំពេញភារកិច្ចក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិក្នុងខេត្តកំពង់ធំ។ ដូច្នេះឆ្នាំនេះ ថ្នាក់ដឹកនាំនៅក្នុងបញ្ជាការតំបន់ប្រតិបត្តិការសឹករង រួមជាមួយនឹងក្រុមគ្រួសារ បានរៀបចំជាត្រៃចីវរ និងបច្ច័យមួយចំនួន ដើម្បីចូលរួមចំណែកក្នុងការដង្ហែអង្គកឋិនសាមគ្គី ទៅកាន់វត្តចំនួន ៣ នៅ​ខេត្តកំពង់​ធំ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលមានប្រជាពលរដ្ឋកម្ពុជា គាំទ្រជាង ៩៥ ភាគរយ ។ ហើយកងទ័ព គឺជាកូនចៅរបស់ប្រជាជន និងដើម្បីប្រជាជន ។ ដូច្នេះ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយនឹងក្រុមគ្រួសារ តែងតែបានគាំទ្រជានិច្ចចំពោះវិស័យព្រះពុទ្ធសាសនា ព្រមទាំងបានចូលរួមចំណែកផងដែរ ក្នុងការកសាងសមិទ្ធផលក្នុងវិស័យព្រះពុទ្ធសាសនា តាមទីវត្តអារាមនានាក្នុងខេត្តកំពង់ធំបានជាច្រើននាពេលកន្លងទៅ។

ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្ត និងជាព្រះចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ, ព្រះតេជគុណ ខៃ ម៉ៅ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្ត ព្រះនទីធម្មបាល ព្រះអនុគណក្រុងស្ទឹងសែន និងជាព្រះគ្រូចៅអធិការវត្តទេពនិមិ្មត ហៅវត្តធម្មយុត្តិ និងព្រះតេជគុណ ណន សុខា ព្រះគ្រូចៅអធិការវត្តបាគង ឃុំត្បែងស្រុកកំពង់ស្វាយ បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ ព្រមទាំងសហការីទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ក្នុងវិស័យព្រះពុទ្ធសាសនា និងបានចូលរួមចំណែកជាច្រើនក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីអារាមទាំងបីនេះ និងសូមជូនពរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការី និងក្រុមគ្រួសារទាំងអស់សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។