រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

(ភ្នំពេញ)៖ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិចំនួន១.០៦៤នាក់មកពី៣៦ប្រទេសបានចុះឈ្មោះត្រៀមចូលរួមយកព័ត៌មាននិងផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ឆ្នាំ២០២៦ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។តួលេខនេះគិតត្រឹមថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៦ដោយមានស្ថាប័នសារព័ត៌មានចំនួន១៤៦បានចុះឈ្មោះហើយចំនួនអ្នកសារព័ត៌មានត្រូវបានរំពឹងថានឹងបន្តកើនឡើងខណៈកម្ពុជាគ្រោងទទួលអ្នកសារព័ត៌មានជាង១.២០០នាក់មកពីជិត៤០ប្រទេស។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងតាមដានវឌ្ឍនភាពការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ឆ្នាំ២០២៦ឯកឧត្តមនេត្រភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានអនុគណៈកម្មការទី៣នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០បានជម្រាបជូនថាតាមការគ្រោងទុកអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាង១.២០០នាក់មកពីជិត៤០ប្រទេសនឹងអញ្ជើញមកយកព័ត៌មានអំពីកិច្ចប្រជុំកំពូលនិងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៦នៅរាជធានីភ្នំពេញ។

ក្រសួងព័ត៌មានបានចាប់ផ្តើមទទួលចុះឈ្មោះអ្នកសារព័ត៌មានជាតិនិងអន្តរជាតិចាប់ពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៦ដើម្បីសម្របសម្រួលការចូលរួមយកព័ត៌មានរាយការណ៍និងផ្សព្វផ្សាយអំពីដំណើរការនិងលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ។

ទន្ទឹមនឹងការងារចុះឈ្មោះនិងសម្របសម្រួលអ្នកសារព័ត៌មានក្រសួងព័ត៌មានក៏បានពង្រឹងកិច្ចសហការជាមួយអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដើម្បីរៀបចំការងារព័ត៌មាននិងផ្សព្វផ្សាយព្រមទាំងបង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិក្នុងការចុះយកព័ត៌មានអំពីព្រឹត្តិការណ៍អន្តរជាតិនេះ។

ជាក់ស្តែងនារសៀលថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២៦នៅទីស្តីការក្រសួងព័ត៌មានលោកនេត្រភក្ត្រាបានជួបពិភាក្សាការងារជាមួយលោកស្រី Oria Kije VANDEWEGHE ប្រធានផ្នែកទំនាក់ទំនងនិងជាអ្នកនាំពាក្យអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងសហការីដើម្បីពង្រឹងកិច្ចសហការរវាងអនុគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយនិងអង្គការ OIF លើការត្រៀមរៀបចំការងារព័ត៌មាននិងផ្សព្វផ្សាយសម្រាប់កិច្ចប្រជុំកំពូល។

ជំនួបនេះបានផ្តោតលើការសម្របសម្រួលការចុះឈ្មោះនិងការទទួលអ្នកសារព័ត៌មានការផ្តល់ព័ត៌មានផ្លូវការការរៀបចំមណ្ឌលព័ត៌មាននិងការគាំទ្រផ្នែកបច្ចេកទេសដើម្បីធានាឱ្យអ្នកសារព័ត៌មានអាចចុះយកព័ត៌មាននិងរាយការណ៍អំពីកិច្ចប្រជុំកំពូលនិងកិច្ចប្រជុំពាក់ព័ន្ធបានដោយរលូននិងមានប្រសិទ្ធភាព។

ជាមួយគ្នានេះភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រីកវិសាលភាពនៃការផ្សព្វផ្សាយកិច្ចប្រជុំកំពូលទៅកាន់សាធារណជនអន្តរជាតិតាមរយៈដៃគូសារព័ត៌មាននិងបណ្តាញផ្សព្វផ្សាយផ្លូវការរួមមានស្ថានីយទូរទស្សន៍ TV5 Monde របស់បារាំង ដែលមានអ្នកទស្សនាប្រមាណ ៤០០លាននាក់នៅជុំវិញពិភពលោក និងស្ថានីយទូរទស្សន៍ Africa 24 ដែលមានអ្នកទស្សនាជាង ៨០លាននាក់នៅទូទាំងទ្វីបអាហ្វ្រិក ព្រមទាំងស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិផ្សេងទៀត។

កិច្ចសហការនេះនឹងរួមចំណែកពង្រីកការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីទៅកាន់ពិភពលោក និងជួយឱ្យសាធារណជនអន្តរជាតិទទួលបានព័ត៌មានកាន់តែទូលំទូលាយអំពីកម្ពុជា ព្រមទាំងបង្ហាញពីកិត្យានុភាព វប្បធម៌ សក្តានុពលសេដ្ឋកិច្ច និងសមត្ថភាពរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ។

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ នៅថ្ងៃទី១៤ ខែវិច្ឆិកា និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ តាមទិន្នន័យនៃការឆ្លើយតបចូលរួម គណៈប្រតិភូសរុបចំនួន ៧៨ គណៈប្រតិភូ គ្រោងនឹងចូលរួម ក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន ២១រូប។ ក្រៅពីនេះ ក៏មានដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីប្រទេសចំនួន៣ រួមមាន រវ៉ាន់ដា បារាំង និងកាណាដា ផងដែរ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការត្រៀមរៀបចំទទួលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងគណៈប្រតិភូពីបណ្តាប្រទេសនានា គឺជាផ្នែកមួយនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ព្រមទាំងជាឱកាសសំខាន់សម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីវប្បធម៌ សក្តានុពល និងសមត្ថភាពរបស់ខ្លួនទៅកាន់សហគមន៍អន្តរជាតិ៕