(ហ្ស៊េរុយសាឡិម)៖ គូប្រជែងដ៏ធំរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលការគាំទ្រពីសមាជិកសភាភាគច្រើនដើម្បីបង្កើតរដ្ឋាភិបាល។ ប៉ុន្តែប្រធានាធិបតី លោក Isaac Herzog បាននិយាយថាវាមិនទាន់ច្បាស់ថាតើនរណាអាចនឹងបំបែកភាពជាប់គាំងនៃការបោះឆ្នោតបាននោះទេ ខណៈរូបលោកសន្យាថានឹងតែងតាំងបេក្ខជនម្នាក់នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបោះឆ្នោតសកលរបស់អ៉ីស្រាអែល កាលពីថ្ងៃទី២៧ ខែតុលា បានបិទបញ្ចប់ដោយមិនមានគណបក្សណាមួយទទួលបានសំឡេងភាគច្រើនដាច់ខាតដើម្បីបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាននោះទេ។ ទាំងលោកនាយករដ្ឋមន្ត្រី Netanyahu និងទាំងលោក Gadi Eisenkot ជាអតីតប្រមុខយោធាអ៉ីស្រាអែលសុទ្ធតែមិនអាចធានាបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា។ ការណ៍នេះបានទម្លាក់ភារកិច្ចដ៏ពិបាកមួយទៅឱ្យប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog ជាអ្នកទទួលខុសត្រូវតែងតាំងបេក្ខជនម្នាក់ដែលលោកជឿថាមានឱកាសខ្ពស់ជាងគេក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។
លោក Herzog បានបើកកិច្ចចរចាជាមួយគ្រប់ក្រុមគណបក្សនយោបាយអ៉ីស្រាអែល កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយអំឡុងពេលនោះមានសមាជិកសភាចំនួន ៦៧រូប ក្នុងចំណោមសមាជិកសភាជាប់ឆ្នោតទាំង ១២០រូប បានបង្ហាញការគាំទ្រចំពោះលោក Eisenkot ខណៈសមាជិកសភា ៤៦រូបគាំទ្រលោក Netanyahu។
គួរបញ្ជាក់ថា នៅពេលត្រូវបានតែងតាំងដោយលោក Herzog បេក្ខជនរូបនោះនឹងមានរយៈពេល ២៨ថ្ងៃ ដើម្បីបង្កើតរដ្ឋាភិបាលមួយ ជាមួយលទ្ធភាពពន្យារពេលឱ្យ ១៤ថ្ងៃបន្ថែម។ ដើម្បីអាចបង្កើតរដ្ឋាភិបាលមួយបាន បេក្ខជនដែលត្រូវបានតែងតាំងដោយប្រធានាធិបតី ត្រូវប្រមូលឱ្យបានការគាំទ្រពីសមាជិកសភាយ៉ាងហោច ៦១រូប៕




























