(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ថារូបលោកបានជួបបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ជាលក្ខណៈឯកជន បន្ទាប់ពីក្រុមមន្ត្រីរុស្ស៉ីត្រូវបានគេឃើញមានវត្តមានជាមួយក្រុមមន្ត្រីអ៊ុយក្រែននៅឯព្រឹត្តិការណ៍មួយនៅសេតវិមានរៀបចំឡើងដោយស្ត្រីទី១ របស់សហរដ្ឋអាមេរិក លោកស្រី Melania Trump។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ មិនបានបង្ហើបឱ្យដឹងលម្អិតពីអ្វីដែលលោកបានពិភាក្សាជាមួយលោក Kirill Dmitriev ដែលជាបេសកជនរបស់លោក ពូទីននោះទេ។ ប៉ុន្តែបានព្យាករថាកិច្ចព្រមព្រៀងមួយអាចនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗសំដៅដោះស្រាយបិទបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ប្រតិភូអាមេរិកត្រូវបានរំពឹងថានឹងដឹកនាំការសម្របសម្រួលនៅឯកិច្ចចរចា មួយរវាងក្រុមមន្ត្រីរុស្ស៉ី និងអ៊ុយក្រែន ក្នុងទីក្រុង Abu Dhabi ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា។
លោក ត្រាំ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន បាននិយាយថាសង្រ្គាមអ៊ុយក្រែនខិតជិតទៅរកដំណោះស្រាយ ហើយការបិទបញ្ចប់សង្រ្គាមនេះអាចនឹងមានការចូលរួមពីអឺរ៉ុបទាំងមូល។ លោក ត្រាំ ជាញឹកញាប់តែងតែព្យាករថាសង្រ្គាមអ៊ុយក្រែននឹងបិទបញ្ចប់ឆាប់ៗ។ ក៏ប៉ុន្តែមកទល់នឹងពេលនេះគេមិនទាន់ឃើញមានសញ្ញាពិតប្រាកដ មួយពីការខិតជិតទៅរកកិច្ចព្រមព្រៀងសន្តិភាពនៅឡើយទេ ហើយលោក ត្រាំផ្ទាល់ថែមទាំងបញ្ជាក់ទៀតផងថារូបលោកមិនបានជួបប្រតិភូអ៊ុយក្រែននោះទេកាលពីថ្ងៃព្រហស្បតិ៍៕



























