(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានច្រានចោលសេចក្ដីរាយការណ៍ថាដែលរូបលោកមានគម្រោងដើរចេញពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈរូបលោកកំពុងពិចារណាលើជំហានបន្ទាប់របស់លោក ក្រោយគណបក្សសាធារណរដ្ឋបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ នេះបើតាមកាសែតអាមេរិក New York Times ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងបទសម្ភាសន៍ជាមួយ New York Times លោក Rubio បានកត់សម្គាល់ថារូបលោកមានគម្រោងបន្តធ្វើការដើម្បីលោកប្រធានាធិបតី ត្រាំ រហូតដល់ចប់អាណត្តិ។ លោក Rubio ដែលកំពុងកាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំផងនោះ ត្រូវបានរំពឹងថានឹងក្លាយជាបេក្ខជនដ៏មានសក្តានុពលម្នាក់បន្តវេនពីលោក ត្រាំ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៨។ ក្នុងបទសម្ភាសន៍ដដែល លោកប្រមុខការទូតអាមេរិកបានបដិសេធឆ្លើយនឹងសំណួរអំពីអនាគតនយោបាយរបស់លោក ដោយសង្កត់ធ្ងន់ថារូបលោកមិនចង់និយាយពីការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៨នោះទេ។
ដោយឡែក ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ថារូបលោកកំពុងពិចារណាដើរចេញពី រដ្ឋបាលលោក ត្រាំ លោក Rubio បានប្រាប់ New York Times ថា «និយាយដោយស្មោះ ខ្ញុំមិនដឹងនោះទេថាតើសេចក្ដីរាយការណ៍ទាំងនោះមានប្រភពមកពីណា»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មាន Bloomberg ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថាលោក Rubio កំពុងពិចារណាថាតើគួរដើរចេញពីរដ្ឋបាលលោកប្រធានាធិបតី ត្រាំ ឬក៏យ៉ាងណា។ តាម Bloomberg លោក Rubio គឺជាអ្នកប្រាប់ក្រុមមន្ត្រីសេតវិមានអំពីការពិចារណាលាលែងពីតំណែង តែត្រូវបានគេស្នើសុំឱ្យរូបលោកបន្តកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិករហូតដល់ចប់អាណត្តិរបស់លោក ត្រាំ៕




























