
(ខេត្តកំពង់ធំ)៖ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងកម្មវិធីទិវាសម្អាតបរិស្ថាន ដើម្បីអបអរសាទរពិធីប្រណាំងទូក បណ្តែតប្រទីប និងពិធីបួងសួងចម្រើនសិរីសួស្តី ដែលប្រព្រឹត្តទៅនៅបរិវេណសួនស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
កម្មវិធីទិវាសម្អាតបរិស្ថាននេះ រដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តកំពង់ធំ រៀបចំឡើងក្នុងគោលបំណងចូលរួមថែរក្សាអនាម័យ និងសោភ័ណភាពទីក្រុង ជាពិសេសត្រៀមលក្ខណៈសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកចូលរួមទស្សនា និងកម្សាន្តក្នុងពិធីបុណ្យអុំទូកប្រចាំឆ្នាំរបស់ខេត្តកំពង់ធំ នាពេលខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ខេត្តកំពង់ធំនឹងរៀបចំពិធីបុណ្យអុំទូក ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានចូលរួមអបអរសាទរ និងរីករាយជាមួយព្រឹត្តិការណ៍ប្រពៃណីដ៏សំខាន់នេះ។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមយកចិត្តទុកដាក់លើការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ និងមិនត្រូវបោះចោលសំរាមពាសវាលពាសកាលឡើយ។ ការចូលរួមរបស់ប្រជាពលរដ្ឋម្នាក់ៗ គឺជាចំណែកដ៏សំខាន់ក្នុងការរក្សាអនាម័យបរិស្ថាន និងធ្វើឱ្យតំបន់សាធារណៈមានភាពស្អាតបាត។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការសម្អាតបរិស្ថាន និងការចូលរួមទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ មិនត្រឹមតែជាការងាររបស់អាជ្ញាធរប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋគ្រប់រូប។ ប្រសិនបើគ្រប់ភាគីចូលរួមសហការគ្នា នោះក្រុងស្ទឹងសែននឹងមានអនាម័យល្អ និងសោភ័ណភាពស្រស់ស្អាត ស័ក្តិសមជាទីក្រុងទទួលស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទី។

ជាពិសេស ការថែរក្សាបរិស្ថានក្នុងឱកាសនេះ គឺជាការចូលរួមលើកកម្ពស់មុខមាត់ខេត្តកំពង់ធំ និងបង្ហាញពីស្មារតីសាមគ្គីភាពរបស់ប្រជាពលរដ្ឋក្នុងការរួមចំណែកថែរក្សាសម្បត្តិសាធារណៈ និងបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានរំលេចថាតាមរយៈសកម្មភាពទិវាសម្អាតបរិស្ថាននេះ បានបង្ហាញពីការយកចិត្តទុកដាក់លើការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុង មុនពេលពិធីបុណ្យអុំទូកចូលមកដល់។ ទន្ទឹមនឹងនេះ ការចូលរួមពីសំណាក់ប្រជាពលរដ្ឋទាំងអស់ នឹងក្លាយជាកម្លាំងសំខាន់ក្នុងការរួមចំណែកធ្វើឱ្យពិធីបុណ្យអុំទូកនៅខេត្តកំពង់ធំ ប្រព្រឹត្តទៅក្នុងបរិយាកាសស្អាត មានសណ្តាប់ធ្នាប់ និងបរិស្ថានល្អប្រសើរ។ អត្ថបទលោក ធូ កែវមុន្នី










































