(ហុងកុង)៖ ចំនួនភ្ញៀវទេសចរចិនធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសថៃ បានធ្លាក់ចុះកាលពីខែតុលាកន្លងទៅ ហើយការធ្លាក់ចុះនេះមានផ្នែកដោយសារតែស្ថានទូតចិនប្រចាំទីក្រុងបាងកក បានចេញសារព្រមានដល់ពលរដ្ឋចិនឱ្យបង្កើនការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរទៅកាន់ប្រទេសថៃ ជុំវិញគ្រោះថ្នាក់នានាក្នុងនោះរួមមានជាពិសេសការចាប់ជំរិត និងបទល្មើស Scam។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South china morning Post។

South China Morning Post ដោយផ្អែកលើអាជ្ញាធរទេសចរណ៍របស់ថៃ បានឱ្យដឹងទៀតថា កាលពីខែតុលាកន្លងទៅ ប្រទេសថៃបានទទួលភ្ញៀវទេសចរចិនតែ ៣០៨ ៩៤២នាក់ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះអស់ ១៣,៦ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
កាលពីថ្ងៃទី១ ខែតុលា គឺជាថ្ងៃទិវាបុណ្យជាតិឈប់សម្រាករយៈពេល៧ថ្ងៃនៅក្នុងប្រទេសចិន ហើយជាធម្មតាជំរុញឱ្យប្រជាជនចិន ធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសដោយក្នុងនោះថៃជាគោលដៅទេសចរណ៍មួយដែរ។ ប៉ុន្តែស្ថានទូតចិនក្នុងប្រទេសថៃបានជំរុញ និងព្រមានឱ្យពលរដ្ឋចិន មានការប្រុងប្រយ័ត្នខ្ពស់អំឡុងការធ្វើដំណើរទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ការព្រមានទាំងនោះរួមមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមធ្យោបាយដឹកជញ្ជូន បន្ទាប់ពីពលរដ្ឋចិនបានក្លាយជាគោលដៅចាប់ជំរិត និង Scam របស់ពួកគេឧក្រិដ្ឋជនក្នុងប្រទេសថៃ៕






























