ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រណាំងទូក «ង» នៅខេត្តកំពង់ធំ ដោយមានទូកចូលរួមប្រកួតចំនួន ៦៦ទូក

ខេត្តកំពង់ធំ៖ រសៀលថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២៦ ពិធីបើកការប្រណាំងទូក «ង» នៅខេត្តកំពង់ធំ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅតាមដងស្ទឹងសែន មុខសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

តាមរបាយការណ៍របស់ឯកឧត្តមនួន ផារ័ត្នអភិបាលខេត្តកំពង់ធំបានឲ្យដឹងថា÷ សម្រាប់ការប្រណាំងទូក «ង» ឆ្នាំ២០២៦ នៅខេត្តកំពង់ធំ មានទូកចូលរួមប្រកួតប្រជែងដណ្តើមជ័យលាភីសរុបចំនួន ៦៦ទូក ក្នុងនោះមានទូកវែងចំនួន ១៤ទូក ទូកខ្នាតអន្តរជាតិចំនួន ៥០ទូក និងទូកមួងចំនួន ២ទូក។

ចំពោះកីឡាករដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ មានចំនួនសរុប ២.៦៦៤នាក់ ក្នុងនោះកីឡាករចំណុះទូកពិតប្រាកដចំនួន ២.១៧៤នាក់ និងកម្លាំងកីឡាករបម្រុងចំនួន ៤៩០នាក់។

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតកីឡាប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីស្មារតីសាមគ្គីភាព ការរួបរួមគ្នា និងការចូលរួមថែរក្សា លើកស្ទួយប្រពៃណីវប្បធម៌ជាតិដ៏ផូរផង់ឱ្យបន្តស្ថិតស្ថេរគង់វង្សតទៅមុខផងដែរ។( អត្ថបទអ៊ុម ញឹប )