
ខេត្តកំពង់ធំ៖ ថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិសុត រដ្ឋមន្ត្រីប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមក្នុងពិធីបណ្ដែតប្រទីប និងបាញ់កាំជ្រួច ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យអុំទូក នៅខេត្តកំពង់ធំ។
ពិធីនេះបានប្រព្រឹត្តទៅនៅតាមដងស្ទឹងសែន ចំណុចស្ពានខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ប្រទីបដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក និងវិស័យឯកជន បានបណ្ដែតតាមដងស្ទឹងសែន ដោយបង្ហាញនូវភាពស្រស់ស្អាត អមដោយពន្លឺភ្លើងចម្រុះពណ៌ និងការបាញ់កាំជ្រួចយ៉ាងអធិកអធម បង្កើតជាទស្សនីយភាពដ៏ត្រកាល និងបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានអញ្ជើញចូលរួមទស្សនា។
ការរៀបចំពិធីបណ្ដែតប្រទីបនេះ មានអត្ថន័យជានិមិត្តរូបនៃការគោរពប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ ការបង្ហាញនូវសេចក្តីជ្រះថ្លាតាមជំនឿសាសនា និងការរំលឹកដល់គុណបំណាច់នៃទឹក ដែលមានសារៈសំខាន់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក៏ជាការបង្ហាញពីស្មារតីសាមគ្គីភាព ការរួបរួម និងកិច្ចសហការរបស់គ្រប់មជ្ឈដ្ឋានក្នុងការថែរក្សា និងលើកស្ទួយមរតកវប្បធម៌ជាតិឱ្យបន្តគង់វង្ស។
ពិធីដ៏អធិកអធមនេះ ក៏បានរួមចំណែកលើកកម្ពស់សោភ័ណភាពក្រុងស្ទឹងសែន ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តកំពង់ធំ និងបង្កើតឱកាសឱ្យប្រជាពលរដ្ឋបានជួបជុំគ្នា ចូលរួមអបអរសាទរ និងរីករាយជាមួយព្រឹត្តិការណ៍ប្រពៃណីជាតិដ៏មានតម្លៃនេះផងដែរ។ (អត្ថបទអ៊ុមញឹប)








































