
កំពង់ធំ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងនគរបាលចុះអនុវត្តផែនការការពារ និងរក្សាសន្តិសុខយ៉ាងម៉ឺងម៉ាត់ ក្នុងឱកាសពិធីប្រណាំងទូកខេត្តកំពង់ធំ ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅបរិវេណសួនស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានមានប្រសាសន៍ថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ និងការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញនូវផែនការការពារសន្តិសុខយ៉ាងលម្អិត និងគ្រប់ជ្រុងជ្រោយ ដោយបែងចែកកម្លាំងប្រចាំការ កម្លាំងល្បាតចល័ត និងកម្លាំងត្រៀមអន្តរាគមន៍ នៅតាមគោលដៅសំខាន់ៗ ដើម្បីបង្ការ ទប់ស្កាត់បទល្មើស និងរាល់ហេតុការណ៍ដែលអាចកើតមានជាយថាហេតុ។

ជាមួយគ្នានេះ កម្លាំងនគរបាលចរាចរណ៍ ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ និងចំណុចប្រសព្វសំខាន់ៗ ដើម្បីសម្រួលចរាចរណ៍ កាត់បន្ថយការកកស្ទះ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ កងកម្លាំងទាំងអស់ត្រូវបានណែនាំ ឱ្យប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ
របស់កងកម្លាំងនគរបាលជាតិ កម្ពុជា មានឥរិយាបថទន់ភ្លន់ សុភាពរាបសារ រួសរាយរាក់ទាក់ និងបម្រើប្រជាពលរដ្ឋ ដោយការយកចិត្តទុកដាក់ ដើម្បីបង្កើតបរិយាកាសកក់ក្តៅ និងទំនុកចិត្តជូនអ្នកចូលរួមទស្សនាកម្សាន្ត។
សម្រាប់ការអនុវត្តផែនការការពារសន្តិសុខរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្ត បានពង្រាយកម្លាំង និងសម្ភារៈមធ្យោបាយរួមមាន៖ កម្លាំងនគរបាលចំនួន ៥០៨នាក់ រថយន្តស៊ឺរ៉ែនចំនួន ០៤គ្រឿង រថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង រថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង ម៉ូតូប្រដេញចំនួន ០៨គ្រឿង កាណូតចំនួន ០៤គ្រឿង និងវិទ្យុទាក់ទងចំនួន ៤៨០គ្រឿង ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច និងអន្តរាគមន៍បានទាន់ពេលវេលា។

មិនត្រឹមតែយកចិត្តទុកដាក់លើការងារការពារសន្តិសុខប៉ុណ្ណោះទេ លោកឧត្តមសេនីយ៍ទោ ហេង សុផល ក៏បានចូលរួមគាំទ្រ ដល់សកម្មភាពវប្បធម៌ និងកីឡាប្រពៃណីជាតិ តាមរយៈការឧបត្ថម្ភទូកខ្នាតអន្តរជាតិចំនួន ០១គ្រឿង ដែលមានឈ្មោះថា «សាមគ្គីធីបតីសែនជ័យបារមីស្រីទេព» ដើម្បីចូលរួមប្រកួតប្រជែង
ក្នុងព្រឹត្តិការណ៍ប្រណាំងទូកឆ្នាំនេះផងដែរ។ជាពិសេស បានរៀបចំប្រទីបខ្នាតធំចំនួន ០១គ្រឿង ដោយតុបតែងលម្អជាមួយភ្លើងចម្រុះពណ៌ និងក្បាច់រចនាយ៉ាងប្រណិត សម្រាប់ចូលរួមបណ្តែតនៅពេលរាត្រី ដែលនឹងបន្ថែមភាពអធិកអធម និងទាក់ទាញដល់ព្រឹត្តិការណ៍ ព្រមទាំងផ្តល់នូវទស្សនីយភាពស្រស់ស្អាត ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានទស្សនាកម្សាន្ត។
សកម្មភាពទាំងនេះ មិនត្រឹមតែជាការចូលរួមលើកកម្ពស់ព្រឹត្តិការណ៍ប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីស្រឡាញ់ និងចូលរួមថែរក្សាអភិរក្សទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ព្រមទាំងរំឭកដល់ព្រះគង្គា និងព្រះធរណី តាមជំនឿប្រពៃណីដែលប្រជាជនខ្មែរបានប្រកាន់ខ្ជាប់តាំងពីបុរាណកាលមក។

តាមរយៈការត្រៀមលក្ខណៈយ៉ាងហ្មត់ចត់ និងការដាក់ពង្រាយកងកម្លាំងប្រកបដោយការទទួលខុសត្រូវនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទីជាអ្នកការពារសន្តិសុខ និងសុវត្ថិភាពសង្គម ដើម្បីធានាឱ្យពិធីប្រណាំងទូកខេត្តកំពង់ធំ ឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ល្អ សុវត្ថិភាព និងពោរពេញដោយភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់រូប៕




































