សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ

(ABU DHABI)៖ ក្រុមមន្ត្រីរុស្ស៉ី និងអ៊ុយក្រែនបានជួបគ្នាក្នុងទីក្រុង Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្រាប់កិច្ចចរចាសន្តិសុខជាលើកដំបូង ចាប់តាំងពីខែកុម្ភៈមក ខណៈបេសកជនពិសេសរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់ចេញពីកិច្ចប្រឹងប្រែងថ្មីមួយដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសឱ្យដឹងថាការសម្របសម្រួលកិច្ចចរចាសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែនដោយសហរដ្ឋអាមេរិកកំពុងមានភាពរីកចម្រើន តែលោកមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។ ចំណែកខាងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីវិញ បានហៅកិច្ចចរចាប្រកបដោយលក្ខណៈស្ថាបនា និងដ៏មានសារៈសំខាន់ ហើយថែមទាំងនិយាយទៀតផងថាកិច្ចចរចាក៏មានរួមបញ្ចូលផងដែរបញ្ហាមនុស្សធម៌ និងសន្តិសុខ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងប្រទេសដាណឺម៉ាក លោក ហ្សេលេនស្គី បានឱ្យដឹងដែររូបលោកពេញចិត្តចំពោះសារដែលលោកទទួលបានពីបេសកជនពិសេសអាមេរិកទាំង២នាក់ គឺលោក Steve Witkoff និងលោក Jared Kushner ដែលជាកូនប្រសារប្រុសរបស់លោក ដូណាល់ ត្រាំ។ «ខ្ញុំមើលឃើញពីការផ្លាស់ប្ដូរ។ ខ្ញុំពិតជាពេញចិត្តដែលបានមើលឃើញការផ្លាស់ប្ដូរទាំងនោះ»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី ដោយមិនបានបន្ថែមអ្វីលម្អិតទេ។ ប៉ុន្តែអនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Ryabkov បាននិយាយថាវាដូចជាលឿនពេក ក្នុងការវាយតម្លៃពីកិច្ចចរចា ខណៈកិច្ចចរចានៅបន្តធ្វើឡើងមួយថ្ងៃទៀតគឺថ្ងៃពុធនេះ។

គួរបញ្ជាក់ថា បើតាមលោក Kushner សហរដ្ឋអាមេរិកកំពុងប្រឹងប្រែងស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងបង្កើតសន្តិសុខសម្រាប់រដ្ឋអធិបតេយ្យ មានសុវត្ថិភាព និងរុងរឿងដូចជាអ៊ុយក្រែន ព្រមទាំងសន្តិភាពយូរអង្វែងនៅទូទាំងតំបន់អឺរ៉ុប៕