កិច្ចប្រជុំកំពូល Black Swan, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញឱ្យស្ថាប័នផ្ដល់ឥណទានរៀបចំហិរញ្ញប្បទានឱ្យស្របនឹងតម្រូវការអាជីវកម្មខ្នាតតូច

(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យស្ថាប័នផ្ដល់ឥណទាន ប្រើប្រាស់របាយការណ៍លំហូរសាច់ប្រាក់ឱ្យបានកាន់តែទូលំទូលាយ និងរៀបចំហិរញ្ញប្បទានឱ្យស្របនឹងតម្រូវការរបស់អាជីវកម្មខ្នាតតូច ដើម្បីឱ្យអាជីវកម្មទាំងនេះអាចទទួលការបញ្ជាទិញក្នុងបរិមាណកាន់តែច្រើន វិនិយោគលើគ្រឿងម៉ាស៊ីន និងអាចផលិតផ្គត់ផ្គង់ដល់រោងចក្រធំៗ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល Black Swan Summit Cambodia លោក ហែម វណ្ណឌី បានលើកឡើងថា «អ្នកផលិតអាហារត្រូវការទុនបង្វិលនៅពេលរង់ចាំការទូទាត់។ សិប្បកម្មមួយត្រូវការពេលវេលាដើម្បីសងប្រាក់កម្ចីដែលបានយកមកទិញគ្រឿងម៉ាស៊ីន។ ក្រុមហ៊ុនបច្ចេកវិទ្យាដែលទើបបង្កើតថ្មីអាចត្រូវការកៀរគរទុនពីវិនិយោគិន មុននឹងមានលទ្ធភាពខ្ចីប្រាក់»។

លោកបានសង្កត់ធ្ងន់លើការប្រើរបាយការណ៍អាជីវកម្ម និងកំណត់ត្រាទូទាត់ឌីជីថល ដើម្បីវាយតម្លៃសមត្ថភាពសងប្រាក់របស់អ្នកខ្ចី ព្រមទាំងលើកពីជម្រើសហិរញ្ញប្បទាន ដូចជាការបង់រំលស់គ្រឿងម៉ាស៊ីន ហិរញ្ញប្បទានផ្អែកលើវិក្កយបត្រ ឬការបញ្ជាទិញ និងការធានាឥណទានជាដើម។

លោកបានរំលេចពីប្រព័ន្ធទូទាត់បាគង ជាឧទាហរណ៍មួយនៃនវានុវត្តន៍ហិរញ្ញវត្ថុ ដោយអាជីវករអាចប្រើកូដ QR តែមួយ សម្រាប់ទទួលការទូទាត់ពីអតិថិជនដែលប្រើសេវារបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ។

លោកបានបន្ថែមថា «ហិរញ្ញប្បទានផ្ដល់ផលកាន់តែច្រើន នៅពេលអាជីវកម្មមានជំនាញបច្ចេកទេស បច្ចេកវិទ្យា ផលិតផលមានគុណភាព និងអតិថិជន ដែលជួយឱ្យអាជីវកម្មទាំងនោះប្រើប្រាស់ទុនបានប្រកបដោយប្រសិទ្ធភាព»។

លោករដ្ឋមន្ត្រីបានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុ ពង្រឹងការធានាសុវត្ថិភាពប្រតិបត្តិការ បង្ហាញថ្លៃសេវាឱ្យបានច្បាស់លាស់ និងដោះស្រាយបញ្ហាដោយយុត្តិធម៌ ដើម្បីពង្រឹងទំនុកចិត្តលើការទូទាត់តាមប្រព័ន្ធឌីជីថល។

កិច្ចប្រជុំកំពូល Black Swan Summit Cambodia ត្រូវបានសហការរៀបចំឡើង ដោយធនាគារជាតិនៃកម្ពុជា និងបណ្ដាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (GFTN) នៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ស្របពេលនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងបណ្ដាប្រទេសហ្វ្រង់កូហ្វូនី តាមរយៈកិច្ចសហការលើការទូទាត់ឆ្លងដែន និងសេវាហិរញ្ញវត្ថុឌីជីថល៕