(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ថារុស្ស៉ីបានអញ្ជើញក្រុមមន្ត្រីបេសកជនអឺរ៉ុបធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីបញ្ជាក់ឱ្យច្បាស់ពីគោលជំហររបស់ពួកគេចំពោះកិច្ចចរចាសន្តិភាពអ៊ុយក្រែន មុននឹងធ្វើការសម្រេចចិត្តថាតើកិច្ចប្រជុំនៅពេលអនាគតត្រូវប្រព្រឹត្តទៅយ៉ាងដូចម្ដេច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងប្រទេសចិន ក្រោយកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីអាមេរិក លោក ពូទីនបាននិយាយថាសហរដ្ឋអាមេរិកបាន និងកំពុងជំរុញម្ដងហើយម្ដងទៀតឱ្យរុស្ស៉ីយល់ព្រមអនុញ្ញាតឱ្យបេសកជនអឺរ៉ុបចូលរួមក្នុងកិច្ចចរចាដែលមកទល់នឹងបច្ចុប្បន្នត្រូវបានរៀបចំឡើងជាចម្បងរវាងទីក្រុងមូស្គូ វ៉ាស៊ីនតោន និងទីក្រុងកៀវជាមួយការសម្រេចបានវឌ្ឍនភាពតិចតួចប៉ុណ្ណោះ។ «យើងទទួលដឹងថាកិច្ចពិភាក្សា លើបញ្ហាសន្តិសុខ ក្នុងនោះរួមមានសន្តិសុខក្នុងតំបន់អឺរ៉ុបដោយមិនមានក្រុមប្រទេសអឺរ៉ុបចូលរួមជារឿងមិនទំនង»។ នេះជាការលើកឡើងរបស់លោក ពូទីន។
ប្រមុខវិមានក្រឹមឡាំងបានបន្ថែមទៀតថារុស្ស៉ីមិនបានជំទាស់នឹងការចូលរួមរបស់អឺរ៉ុបនោះទេ តែរុស្ស៉ីចាំបាច់ត្រូវដឹងថាតើអឺរ៉ុបចង់ជជែកពីអ្វីនៅឯតុចរចា។ ដូច្នេះរុស្ស៉ីបានអញ្ជើញឱ្យក្រុមអ្នកតំណាងអឺរ៉ុបធ្វើដំំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីអាចកំណត់ពីគោលជំហររបស់ពួកគេ។
គួរបញ្ជាក់ថា ក្រុមមន្ត្រីរុស្ស៉ី អ៊ុយក្រែន និងសហរដ្ឋអាមេរិកបានបើកកិច្ចចរចាក្នុងទីក្រុង Abu Dhabi កាលពីសប្ដាហ៍មុន ដែលជាជំនួបលើកដំបូងក្នុងរយៈពេល៩ខែ។ ទីក្រុងមូស្គូ និងទីក្រុងកៀវបានឯកភាពគ្នាលើការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ ប៉ុន្តែបញ្ហាធំៗផ្សេងទៀតដើម្បីឆ្ពោះទៅរកការកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាម មានវឌ្ឍនភាពតិចតួចប៉ុណ្ណោះ៕

































