រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ផ្លូវការពីប្រទេសណាមួយនៅឡើយទេ។
ឯ.ឧ. ម៉ម ប៊ុនហេង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានមុនពេលចេញដំណើរនាំយកម៉ាស់ជាង ២លាន និងបរិក្ខារវរជ្ជសាស្ត្រមួយចំនួនទៅផ្ដល់ជូនរដ្ឋាភិបាល និងប្រជាជននៃប្រទេសមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា បើទោះបីជាមានប្រទេសមួយចំនួន បានប្រកាសពីការរកឃើញវ៉ាក់សាំងជំងឺកូវីដ-១៩ ក្តីតែសម្រាប់កម្ពុជា មិនទាន់បានទទួលដំណឹងជាផ្លូវការនោះទេ។
ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានថ្លែងបញ្ជាក់ផងដែឬថា “ទោះបីមានការធូរស្រាលចំពោះជំងឺកូវីដ១៩ នៅកម្ពុជាក្តី ពិសេសនោះព្រឹត្តិការណ៍«៣វិច្ឆិកា» តែយើងត្រូវតែរក្សាគម្លាត និងគោរពតាមវិធានការសុខាភិបាល ជានិច្ច។ ឥឡូវនេះ អ្នកធ្វើដំណើរមកពីក្រៅប្រទេស ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ តែកាលពីមុនចំពោះយន្តហោះដែលរកមិនឃើញឆ្លងជំងឺកូវីដ-១៩ យើងអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះ។ ប៉ុន្ដែឥឡូវអត់ទេ គឺត្រូវធ្វើចត្តាឡីស័កនៅកន្លែងដែលមានការរៀបចំច្បាស់លាស់”៕
































