វិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ត្រូវបានកំណត់ឲ្យចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម

អន្តរក្រសួងបានសម្រេចជាគោលការដោយកំណត់ឲ្យវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ត្រូវចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក ពាណិជ្ជនាម ដើម្បីធានាពីភាពស្របច្បាប់នៃអត្តសញ្ញាណរបស់ស្ថាប័នសារព័ត៌មាននីមួយៗ។

ក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជមនាមសម្រាប់អាជ្ញាប័ណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍ក្រោមអធិបតីភាព លោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និងតំណាងក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមពីបណ្ដាអង្គភាពសារព័ត៌មាន គេហទំព័រ អនឡាញ ប្រមាណជាង១០០អង្គភាព។

លោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថាសន្និសីទសារព័ត៌មាន នេះមានគោលដៅ ៖

-ចុះបញ្ជីពាណិជ្ជកម្មការពារម៉ាក និងពាណិជ្ជនាមលើវិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីធានាថាអត្តសញ្ញាណនៃអង្គភាពស្ថាប័នសារព័ត៌មាន និងសោតទស្សន៍នីមួយៗ មិនជាន់លើអត្តសញ្ញាណនៃអង្គភាពស្ថាប័ន ព័ត៌មាន និងសោតទស្សន៍ដទៃទៀត ដែលបានច្បាប់អនុញ្ញាតរួចហើយ។

-ការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកស្នើសុំចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មនិងបញ្ជីម៉ាកដើម្បីការពារការប្រកួតប្រជែងមិនស្មោះត្រង់។មិនអនុញ្ញាតឲ្យប្រើប្រាស់ម៉ាកនិងពាណិជ្ជនាមដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ជាសាធារណៈ សីលធម៌សង្គមឬប្រពៃណីល្អរបស់ជាតិនិងម៉ាកដែលមិនអាចចុះបញ្ជីបានដូចមានកំណត់ក្នុងច្បាប់ជាធរមាន។លោកបន្តថាប្រកាសនេះមានវិសាលភាពអនុវត្តចំពោះរូបវន្តបុគ្គលឬនីតិបុគ្គលទាំងឡាយដែលធ្វើអាជីវកម្មឬសេវាកម្មលើស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។វាក្យសព្ទដែលប្រើនៅក្នុងប្រកាសអន្តរក្រសួងនេះត្រូវបានកំណត់ន័យដូចខាងក្រោម ៖

អាជ្ញាបណ្ណសំដៅដល់ប្រកាសលិខិតអនុញ្ញាតវិញ្ញាបនបត្រអនុញ្ញាតឱ្យប្រកបអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍។ប្រតិបត្តិករប្រព័ន្ធផ្សព្វផ្សាយសំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលធ្វើអាជីវកម្ម ឬសេវាកម្មលើវិស័យ ព័ត៌មាន និងសោតទស្សន៍ ដើម្បីរកប្រាក់ចំណេញ។ចំណែកតំណាងក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថាម៉ាក សំដៅដល់សញ្ញាដែលមើលឃើញហើយអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ។

ពាណិជ្ជនាមសំដៅដល់ឈ្មោះ ឬសញ្ញាសម្គាល់ ឬជាឈ្មោះ និងសញ្ញាសម្គាល់សម្រាប់បញ្ជាក់និងសម្គាល់លក្ខណៈខុសៗគ្នានៃសហគ្រាសនីមួយៗ។ នាមករណ៍ សំដៅដល់ឈ្មោះអង្គភាព ស្ថាប័ន ឬក្រុមហ៊ុន ដែលធ្វើពាណិជ្ជកិច្ច ឬអាជីវកម្ម លើវិស័យព័ត៌មាន និងសោតទស្សន៍។

បញ្ជីពាណិជ្ជកម្ម សំដៅដល់ការគ្រប់គ្រង និងកាន់កាប់នូវបញ្ជីមួយចុះអត្តលេខនៃពាណិជ្ជករនិងក្រុមហ៊ុនពាណិជ្ជកម្ម។លោកបន្តថាអត្តសញ្ញាណបណ្ណនៃសារព័ត៌មានសំដៅដល់ពាណិជ្ជនាមនិងម៉ាករបស់អង្គភាពស្ថាប័នសារព័ត៌មាន។ អាជីវកម្ម ឬសេវាកម្ម សំដៅដល់សកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានគោលដៅ ទាញយកប្រាក់ចំណូលអំពីការផលិត និងលក់ផលិតផល ឬការផ្គត់ផ្គង់សេវាឬសកម្មភាពផ្សេងៗទៀត។

តំណាងក្រសួងព័ត៌មានបានលើកឡើងថាអាជ្ញាប័ណ្ណសុំពីក្រសួងព័ត៌មានមានរយៈពេល៦ខែ។ប៉ុន្តែរាល់រូបវន្តបុគ្គលឬនីតិបុគ្គលដែលបានធ្វើអាជីវកម្មឬសេវាកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ ត្រូវស្នើសុំចុះបញ្ជីពាណិជ្ជកម្ម និងអាចស្នើសុំបញ្ជីម៉ាកនិងពាណិជ្ជនាមនៅក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល ៦ខែ គិតចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។បើមានការចាំបាច់ ក្រសូងពាណិជ្ជកម្ម អាចសម្រេចបន្តរយៈពេលនេះបានចំនួន៦ខែទៀត។រាល់ប្រកាសទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនិងប្រកាសអន្តរក្រសួង ស្ដីពីការគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្ម និងការពារម៉ាក និងពាណិជ្ជនាមសម្រាប់អាជ្ញាប័ណ្ណលើវិស័យព័ត៌មាននិងសន្ទស្សន៍នេះ ត្រូវទុកជានិរាករណ៍។សូមបញ្ជាក់ថាក្នុងសន្និសីទនេះធើ្វឡើងបន្ទាប់ពីប្រកាសអន្តរក្រសួងស្ដីពី៖ការគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្មនិងកិច្ចការការពារម៉ាកនិងពាណិជ្ជនាមសម្រាប់អាជ្ញាប័ណ្ណលើវិស័យព័ត៌មាននិងសោតទស្សន៍ដែលប្រកាសនេះធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លេខ០២៥៦ ព.ណ..ច.ប.ព.ប្រក ចុះថ្ងៃទី២៨ ខែសីហាឆ្នាំ២០២០។ ប្រកាសអន្តរក្រសួងនេះមានចំនួន៦ជំពូកក្នុងនោះស្ដីពី៖បទបញ្ញត្តិទូទៅ,ការចុះបញ្ជីពាណិជ្ជកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍,កិច្ចការពារអាម៉ាកនិងពាណិជ្ជនាមលើវិស័យព័ត៌មាននិងសទស្សន៍ ,កម្រៃសេវាសាធារណៈ ,អន្តរប្បញ្ញត្តិ ,អវសានប្បញ្ញត្តិ៕