ភ្នំពេញ ៖ ជាមួយនឹងរូបថត ស ខ្មៅ ជាប្រវត្តិសាស្ត្រជាច្រើនសន្លឹកនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចកក្រកម្ពុជា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជានិងជាប្រធាន កិត្តិយសនៃរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា”សរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ ជាខួបលើកទី៤២ ទិវាកំណើត ”រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” មានឈ្មោះដើមថា “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នេះ ជាខួបលើកទី៤២ ទិវាកំណើត ”រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” មានឈ្មោះដើមថា “រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា”(រូបថតផេកសម្តេចចក្រីហេងសំរិន)
រណសិរ្ស២ធ្នូ ជាកម្លាំងមហាជន អ្នកស្នេហាជាតិ គ្រប់និន្នាការនយោបាយ ដឹកនាំបង្កើតដោយសម្តេច អគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននិងឥស្សរជនស្នេហា ជាតិជាច្រើនទៀត ក្នុងការរំដោះប្រទេសជាតិចេញពីរបបខ្មែរ ប៉ុលពតប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។
រណសិរ្ស ២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ឱ្យចាកផុតពីមហន្ដរាយ នៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្ដែបានជួយស្ដារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្ដបន្ទាប់ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ។
មាន២ធ្នូ ឆ្នាំ១៩៧៨ ទើបមានថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ហើយមាន៧ ខែមករា ឆ្នាំ១៩៧៩ ទើបមាន ថ្ងៃនេះ។ ទំរាំមានថ្ងៃនេះ យើងបានធ្វើដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ការលំបាក ឧបសគ្គរាប់ម៉ឺនជំពូក។ ឥស្សរជនអតីតយុទ្ធអ្នកស្នេហាជាតិយើងរាប់មិនអស់ បានពលីកម្មអាយុជីតបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិដោយមិនខ្លាចនឿយហត់និងស្តាយស្រណោះអាយុជីវិតនោះ ឡើយ។
សម្តេចចក្រីហេងសំរិនបានបញ្ជាក់ជាចុងក្រោយថា”ចូរយើងទាំងអស់គ្នារួមគ្នាការពារថែរក្សាសន្តិភាពដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានគង់វង្ស យូររអង្វែង តរៀងទៅ ដើម្បីប្រទេសជាតិយើងទទួលបានការអភិវឌ្ឍបន្តបន្ទាប់ ឈានទៅរក ភាពរុងរឿងដូចអារ្យប្រទេស ក្នុងពេលខាងមុខនេះ៕

































