ដំរីឈ្មោលដែលតុលាការប៉ាគីស្ថានសម្រេចដោះលែងឲ្យមានសេរីភាពបានមកដល់កម្ពុជា

ភ្នំពេញ ៖ ដំរីឈ្មោលដែលមានអាយុ ៣៦ឆ្នាំត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថាន តាមរយៈការតស៊ូផ្នែកច្បាប់ ហើយចុងក្រោយតុលាការកំពូលរបស់ប៉ាគីស្ថាន បានសម្រេចឱ្យដំរីឈ្មោះ ខាវ៉ាន់ ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃប្រទេសកម្ពុជា ដែលគេបម្រុងរួចជាស្រេចនូវដំរីញីចំនួនបី ចាំទទួលធ្វើជាគូស្នេហ៍។

លោក នេត្រ ភក្ត្រា រដ្ឋលេខាក្រសួងបរិស្ថានបានថ្លែងថា ក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបនៅល្ងាចថ្ងៃចន្ទ នេះ ដំរី ខាវ៉ាន់ ត្រូវបាននាំយកទៅកាន់ជម្រកថ្មី ដែលមានទំហំដីជាងបួនពាន់ហិកតានៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ នៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញីចំនួន ៣ក្បាលដែលបានយកមកពីខេត្តមណ្ឌលគិរី ហើយដំរីញីទាំងបី នឹងក្លាយជាគូស្នeហាថ្មីរបស់ ខាវ៉ាន់ ដើម្បីធ្វើការបង្កាត់ពូជក្នុងគោលបំណងបង្កើតប្រសិទ្ធភាពក្នុងការបន្តពូជសត្វដំរីអាស៊ី ឱ្យសម្បូរឡើងវិញ។

ផ្ទះថ្មីរបស់ដំរី ខាវ៉ាន់ នៅក្នុងប្រទេសកម្ពុជា គឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃមួយក្នុងចំណោមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៦៨កន្លែងរបស់កម្ពុជា។ កម្ពុជាត្រូវបានទទួលស្គាល់ដោយពិភពលោកថា សម្បូណ៌ដោយជីវចម្រុះជាច្រើន ក្នុងនោះរួមទាំងប្រភេទសត្វកម្រជិតផុតពូជ និងប្រភេទសត្វដែលទទួលការគំរាមកំហែងផងដែរ។

ដំរី ខាវ៉ាន់ គឺជាប្រភេទដំរីអាស៊ីតែមួយគត់ដែលមាននៅប្រទេសប៉ាគីសស្ថានបន្ទាប់ពីគូស្នេហ៍បានស្លាប់ចោលកាលពី៨ឆ្នាំមុន។ កម្ពុជា មានប្រភេទដំរីអាស៊ី នេះចន្លោះពី៤០០ ទៅ៦០០ក្បាលដែលកំពុងរស់នៅក្នុងព្រៃនៃតំបន់ការពារធម្មជាតិក្នុងខេត្តរតនគិរី និងមណ្ឌលគិរី និងនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ។ បច្ចុប្បន្ន កម្ពុជាមានដំរីស្រុកជាង ៧០ក្បាល ។

ដំរីខាវ៉ាន់ត្រូវបានក្រុមឃ្លាំមើលសត្វព្រៃតវ៉ាទៅនឹងការថែទាំមិនត្រឹមត្រូវរបស់ក្នុងសួនសត្វប្រទេសប៉ាគីសស្ថាន រួមទាំងការបង្ខាំង និងការដាក់ច្រវ៉ាក់នៅស្ថានភាពដ៏ក្តៅជាដើម ។

លោក នេត្រ ភក្ត្រា បានថ្លែងថា ជាមួយវិធានការអនុវត្តច្បាប់ដ៏តឹងរឹង និងកិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សរបស់រាជរដ្ឋាភិបាល នៅក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃដើម្បីយកភ្លុក និងកន្ទុយដើម្បីប្រើប្រាស់តាមជំនឿពីបុរាណស្ទើរតែលែងមាន។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានក្តីសោមនស្សរីករាយទទួលស្វាគមន៍ដំរីខាវ៉ាន់។ពីអំណេះតទៅ ដំរី ខាវ៉ាន់ នឹងលែងរស់នៅក្នុងភាពឯកោទៀតហើយ។ សត្វដំរី ខាវ៉ាន់ នេះនឹងត្រូវរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ ក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់ក្រសួងបរិស្ថាន និងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS)៕