រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការរៀបចំទិវាជនពិការកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។
បើតាមលិខិតទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើជូនរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជាក់ថា ទោះបីជាផ្អាកការរៀបចំទិវាជនពិការកម្ពុជា ក្តី តែរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចុះសួរសុខទុក្ខជនមានពិការភាពនៅតាមមជ្ឈមណ្ឌល និងទីតាំងរស់នៅជំនួសវិញ។
ការសម្រេចផ្អាកការរៀបចំទិវាជនពិការកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញនូវករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ជាលើកដំបូង ចាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកាមក ដែលតម្រូវឲ្យរាជរដ្ឋាភិបាល ដាក់ចេញវិធានការនានាជាបន្ទាន់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕































