លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៣ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាព អឺរ៉ុប លើកទី២៣ តាមរយៈប្រព័ន្ធវីដេអូ។ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំ មានដូចខាងក្រោម ៖

កិច្ចប្រជុំបានកត់សម្គាល់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប(ឆ្នាំ២០១៨-២០២២)។ កិច្ចប្រជុំក៏បានធ្វើការផ្លាស់ប្តូរ ទស្សនៈគ្នាផងដែរលើមធ្យោបាយនិងវិធីសាស្រ្ត ដើម្បីធ្វើយ៉ាងណាឱ្យតំបន់ទាំងពីរអាចមានលទ្ឋភាពបង្កើនកិច្ចសហការក្នុងការដោះស្រាយបញ្ហាប្រឈមបន្ទាន់រួម ដូចជាការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ និងគ្រោះអាសន្នសុខភាពសាធារណៈនានា ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតសកល ព្រមទាំងពង្រឹងថែមទៀតនូវភាពជាដៃគូដែលមានស្រាប់។

បណ្តាប្រទេសសមាជិកអាស៊ាន បានស្វាគមន៍ការបន្តគាំទ្ររបស់សហភាពអឺរ៉ុបចំពោះ
មជ្ឈភាពអាស៊ាន និងការកសាងសហគមន៍អាស៊ាន និងសេចក្តីប្រកាសរបស់សហភាពផ្តល់ថវិកា ចំនួន២០លានអឺរ៉ូ ដើម្បីគាំទ្រ «កម្មវិធីសុខាភិបាលឆ្លើយតប និងការត្រៀមលក្ខណៈចំពោះជំងឺរាតត្បាតនៅអាស៊ីអាគ្នេយ៍» ដើម្បីជួយតំបន់នេះត្រៀមខ្លួនឱ្យបានកាន់តែប្រសើរថែមទៀតសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ នាពេលអនាគត។ បណ្តាប្រទេសសមាជិកអាស៊ានក៏បានទទួលស្គាល់ផងដែរអំពីសារៈសំខាន់នៃវិភាគទានរបស់សហភាពអឺរ៉ុប ដែលមានទឹកប្រាក់រហូតដល់៥០០លានអឺរ៉ូ គាំទ្រដល់យន្តការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដសាកល(COVAX) ដើម្បីពន្លឿននិងពង្រីកការអភិវឌ្ឍ និងការផលិតវ៉ាក់សាំងសាកល សម្រាប់ផ្គត់ផ្គង់ដល់មនុស្សជាតិគ្រប់ៗគ្នា។

កិច្ចប្រជុំបានប្តេជ្ញាបង្កើតក្របខណ្ឌជាក់ស្តែងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- សហភាពអឺរ៉ុប និងទន្ទឹងរង់ចាំការសម្រេចបានដ៏ឆាប់នូវកិច្ចព្រមព្រៀងនេះ។ កិច្ចប្រជុំបានអនុម័ត សេចក្តីប្រកាសរួមរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ស្តីពីការតភ្ជាប់ ហើយបាន
កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកលទ្ឋភាពធ្វើសំយោគរវាង «ផែនការមេស្តីពី
ការតភ្ជាប់អាស៊ានឆ្នាំ២០២៥» និងយុទ្ធសាស្ត្រអឺរ៉ុបស្តីពី «ការតភ្ជាប់អឺរ៉ុបនិងអាស៊ី» ។ កិច្ចប្រជុំ
ក៏បានឯកភាពគ្នា ធ្វើការឆ្ពោះទៅសម្រេចឱ្យបានឆាប់នូវកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសគ្រប់ជ្រុងជ្រោយអាស៊ាន-សហភាពអឺរ៉ុប (CATA) ផងដែរ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានកោតសរសើរតួនាទីយ៉ាងសកម្មរបស់សហភាពអ៊ឺរ៉ុបក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងកាត់បន្ថយផលវិបាកសេដ្ឋកិច្ច-សង្គមដែលបង្កឡើងដោយសារជំងឺនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការ គាំទ្ររបស់សហភាពអឺរ៉ុបចំពោះគំនិតផ្តួចផ្តើមបច្ចុប្បន្នទាំងឡាយរបស់អាស៊ាន ដើម្បីពង្រឹង

ការត្រៀមលក្ខណៈសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈនានា នៅក្នុងពេលអនាគត។
សម្រាប់វិស័យសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុប ដែលឯកឧត្តម
ជឿជាក់ថា ជាគន្លឹះ ដើម្បីសម្រេចបាននូវសក្តានុពលធុរកិច្ច និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះ
ដ៏សំខាន់សម្រាប់កសាងទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តម បានស្វាគមន៍ការលើកកម្រិតទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ទៅជាភាពជា
ដៃគូយុទ្ធសាស្ត្រ ដែលត្រូវបានសម្រេចក្នុងកិច្ចប្រជុំនេះ ដោយជឿជាក់ថា សមិទ្ធផលថ្មីនេះ
នឹងជួយពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍
ទៅវិញទៅមកនាពេលកន្លងមក៕