សម្តេចតេជោ ហ៊ុន សែន ៖ មិនមានការដាក់ប្រទេសក្នុងគ្រាអាសន្ន នោះទេ

សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា នៅរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ បានអះអាងថា មិនមានការទូលថ្វាយព្រះមហាក្សត្រសូមព្រះរាជានុញ្ញាតដាក់ប្រទេសក្នុងគ្រាមានអាសន្ន ហើយមិនមានការចេញបញ្ជាឱ្យបិទរាជធានីភ្នំពេញ នោះទេ។

ការថ្លែងបញ្ជាក់ទាំងយប់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានការចែកចាយព័ត៌មានមិនពិតថា មានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ន និងការបិទរាជធានីភ្នំពេញជាដើម…។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook នៅរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ យ៉ាងដូច្នេះថា ៖  «ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថា នឹងមានការបិទប្រទេសឬបិទរាជធានីភ្នំពេញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថា នឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជាឱ្យបិទរាជធានីភ្នំពេញ ដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ»។

សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕