អាមេរិក ៖ ក្រសួងរតនាគារសហរដ្ឋអាមេរិកនិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មលើអង្គភាពចំនួន ៦ ចំពោះតួនាទីរបស់ពួកគេ ក្នុងការរត់ពន្ធធ្យូងថ្មនៅក្នុងប្រទេសកូរ៉េខាងជើង។ អង្គភាពមួយចំនួនដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅនេះ មានមូលដ្ឋាននៅប្រទេសចិន និងប្រទេសវៀតណាម។
ក្រសួងរតនាគារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គភាពនានានៅក្នុងប្រទេសចិន បានបន្តចូលរួមសកម្មភាពដែលសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហាមឃាត់។ ក្រសួងនេះបានជំរុញឱ្យអាជ្ញាធរចិនពង្រឹងលើសេចក្តីសំរេចនេះ។ មន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកនយោបាយកូរ៉េខាងជើង ក៏បានរិះគន់ប្រទេសចិនដែរ។
ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង លោក អាឡិច វ៉ុង បាននិយាយកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកបានសង្កេតឃើញកប៉ាល់ដឹកធ្យូងថ្ម ឬទំនិញដែលត្រូវបានដាក់ទណ្ឌកម្មផ្សេងទៀត ពីប្រទេសកូរ៉េខាងជើងទៅកាន់ប្រទេសចិនចំនួន ៥៥៥ លើក ក្នុងរយះពេលមួយឆ្នាំមុន។ លោកបានបន្ថែមថា អាជ្ញាធរចិនមិនដែលបញ្ឈប់ការធ្វើសកម្មភាពនាំចូលខុសច្បាប់ទាំងនេះឡើយ។
កាលពីដើមសប្តាហ៍នេះ កាសែត វ៉ល ស្ត្រីត បានចុះផ្សាយរូបភាពពីផ្កាយរណបនៃអ្វីដែលខ្លួននិយាយថា នាវាដែលមានទង់ជាតិចិនកំពុងផ្ទុកធ្យូងថ្ម នៅកំពង់ផែប្រទេសកូរ៉េខាងជើង។ ប្រភពព័ត៌មាននេះបាននិយាយថា ប្រទេសចិននឹង មិនអាចលាក់សកម្មភាពរត់ពន្ធមួយចំនួនរបស់ខ្លួនទៀតទេ។ កាសែតបាននិយាយថា រដ្ឋាភិបាលអាមេរិកប៉ាន់ស្មានថា ប្រទេសកូរ៉េខាងជើងបាននាំចេញធ្យូងថ្មមានតម្លៃពី ៣៣០ ទៅ ៤១០ លានដុល្លារក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ៕































