សួនក្រអូបឃុនរាម ក្នុងស្រុកបន្ទាយស្រី ផលិតផលទេសចរណ៍ថ្មីៗ ត្រៀមទទួលទេសចរ

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹង ថា អាជ្ញាធរស្រុក បានរៀបចំបង្កើតផលិតផលទេសចរណ៍ថ្មីៗជាច្រើនកំពុងតែរីកដុះដាល នៅលើដែនដីដ៏ស្រស់ត្រកា លនៃស្រុកបន្ទាយស្រី។ ជាក់ស្តែង «សួនក្រអូបឃុនរាម » ដែលជារមណីយដ្ឋានដ៏ថ្មីស្រឡាង ទីតាំងស្ថិតនៅ ឃុំឃុន រាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងបង្អួតសម្រស់ រង់ចាំទទួលទេសចរ។ ទីនេះអំណោយផល សម្រាប់ការសំរាកចុងសប្តាហ៏ ទៅលេងបុប្ផា ក្នុងសួនផ្ការីកស្គុះស្គាយ តាមជើងភ្នំ លាយលំជាមួយខ្យល់ធម្មជាតិដ៏ស្រស់ត្រកាល ដែលមានផ្កាច្រើនប្រភេទច្រើន ពណ៌ចំរុះបណ្តុះជាជួររៀប រយ។ ទីនេះផងដែរក៏មានទទួល ការរៀបចំបោះតង់ និងអាហាររដ្ឋានដែលមានរសជាតិឈ្ងុយឆ្ងាញ់ តំលៃសមរម្យ រសជាតិប្រចាំអ្នកភូមិឃុនរាមនេះតែម្តង។

លោកអភិបាល បានអរគុណដល់អ្នកវិនិយោគទាំងអស់ ដែលបានផ្តល់ភាពជឿជាក់ និងមានទំនុកចិត្តមកលើសក្តានុពល នៃវិស័យទេសចរណ៍របស់ស្រុកបន្ទាយស្រី ព្រមទាំងបានបន្ថែមភាពស្រស់ស្អាត នៅលើទឹកដីដ៏សែនមនោរម្យមួយនេះ។ ក្នុងនាមរដ្ឋបាលស្រុក លោកសូមធ្វើការកោត សរសើរយ៉ាងខ្លាំងចំពោះរាល់គំនិតច្នៃប្រឌិតបង្កើតបានជារមណីយដ្ឋានថ្មីៗ ដែលឱ្យតម្លៃទៅលើបរិស្ថានធម្មជាតិ និងដើរស្របជាមួយនឹងចក្ខុវិស័យរបស់ស្រុក។

លោកបន្ថែមថា ការចូលរួមពីវិស័យឯកជននឹងជំរុញល្បឿននៃការអភិវឌ្ឍឱ្យកាន់តែឆាប់រហ័ស តាមរយៈការបង្កើតការងារ និងមុខរបរថ្មី ដែលនឹងនាំឱ្យប្រាក់ចំណូល និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីមានភាពល្អប្រសើរជាងមុន ក៏ដូចជាបានជួយកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុកផងដែរ៕
(រូបភាពរដ្ឋបាលស្រុកបន្ទាយស្រី)