មន្ត្រីទូតជួបសូរសុខទុក្ខពលករខ្មែរ៧នាក់ដែលរងគ្រោះក្នុងហេតុកាណ៍ស្ពានអាកាសបាក់ស្រុតនៅខេត្តនគររាជសីមា

ភ្នំពេញ ៖ ពលករខ្មែរចំនួន ៧នាក់ ក្នុងករណីស្ពានអាកាសបាក់ស្រុត នៅខេត្តនគររាជសីមា ក្នុងប្រទេសថៃ មិនមានរងគ្រោះដល់បាត់បង់ជីវិតទេ ហើយកំពុងទទួលបានការព្យាបាល និងការយកចិត្តទុកដាក់ ព្រមទាំងការចុះសួរសុខទុក្ខពីសំណាក់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃផងដែរ។ នេះបើយោងតាមការគូសបញ្ជាក់របស់ស្ថានទូតកម្ពុជាប្រចាំនៅក្នុងប្រទេសថៃ។

តំណាងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានចុះមកមន្ទីរពេទ្យមហារាជ និងការដ្ឋានសាងសង់ផ្លូវ នៅខេត្តនគររាជសីមា ដើម្បីសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន០៧នាក់ ប្រុស០៤នាក់ និងស្រី០៣នាក់ ដែលបានជួបគ្រោះថ្នាក់ស្ពានអាកាសបាក់ស្រុតចុះ ខណៈកំពុងសាងសង់ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៤៖១៨នាទី ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា ប្រទេសថៃ។

បើតាមតំណាងស្ថានទូតបានគូសបញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ខាងលើនេះ មិនមែនករណីរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះទេ ហើយបច្ចុប្បន្នពលករកម្ពុជា០៣នាក់ បានចេញពីមន្ទីរពេទ្យហើយ ចំណែកពលករ០៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះ ពលកររងគ្រោះ០១នាក់ជាស្ត្រី រងរបួសបាក់ជើងស្តាំ ០១នាក់ទៀតនឹងចេញពីមន្ទីរពេទ្យប៉ុន្មានថ្ងៃខាងមុខទៀត។ ចំណែកពលករ០២នាក់ទៀតនឹងចេញពីមន្ទីរពេទ្យនាល្ងាចថ្ងៃនេះផងដែរ។ មន្រ្ដីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានលើកឡើងថា ការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យរបស់ពលករខ្មែរទាំងអស់ គឺខាងនិយោជក និងធានារ៉ាប់រងសង្គម ជាអ្នកទទួលខុសត្រូវ។ ចំណែកពលករដែលកំពុងសម្រាកព្យាបាលនិងមិនអាចទាន់ចូលធ្វើការវិញបាន នឹងទទួលបានប្រាក់ឈ្នួលទៅតាមច្បាប់។

ជាមួយគ្នានេះដែរ តំណាងស្ថានទូតក៏បានពាំនាំថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់បងប្អូនពលករកម្ពុជាដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងសម្រាកនៅកន្លែងស្នាក់នៅរបស់ពួកគាត់។ លើសពីនេះទៀត តំណាងស្ថានទូតក៏បានលើកឡើងពីការ ផ្តាំផ្ញើការសួរសុខទុក្ខពីរាជរដ្ឋាភិបាលកម្ពុជាដែលមានការព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនពលករខ្មែរផងដែរ៕