ភ្នំពេញ ៖ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិនទទួលបានជំនួយបន្ថែមចំនួន ៣០០លានរៀលទៀតពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះ ដើម្បីបន្តរៀបចំសម្រួលដល់ការធ្វើចត្តាឡីស័កដល់ពលករខ្មែរមកពីប្រទេសថៃ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា ក្នុងចំណោមថវិកាចំនួន ៣០០លានរៀលនោះ មានខេត្តឧត្តរមានជ័យ ទទួលបាន ២០០លានរៀល និងខេត្តប៉ៃលិន ទទួលបាន ១០០លានរៀល។ ថវិកាទាំងនេះ ត្រូវបានក្រសួងសុខាភិបាលរៀបចំផ្ទេរជូនរដ្ឋបាលខេត្តទាំងពីររួចហើយ។
គួររំលឹកថា ចាប់តាំងពីប្រទេសថៃ មានការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងក្លា ក្នុងខេត្តសមុទ្រសាខន ដែលជាប់ព្រំដែនជាមួយគ្នា កម្ពុជាបានរកឃើញមានពលករជាបន្តបន្ទាប់មានផ្ទុកជំងឺកូវីដ១៩ ក្រោយពេលត្រឡប់មកពីប្រទេសថៃ។
តាមទិន្នន័យរបស់ក្រសួងសុខាភិបាល បង្ហាញថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មានពលករខ្មែរចំនួនជិត ២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅក្នុងខេត្តនានារបស់កម្ពុជាជាប់ព្រំដែនថៃ៕
































